ពលរដ្ឋចំនួន១,៣៩៧គ្រួសារ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់


ប្រជាពលរដ្ឋ ចំនួន១៣៩៧គ្រួសារ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ពួកគាត់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ស្របច្បាប់ ដើម្បីយកមកប្រើប្រាស់តាមតម្រូវការ។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងឯកឧត្តម ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខណ្ឌ បានបញ្ជាក់ផងដែរថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១,៣៩៧គ្រួសារនាព្រឹកនេះ គឺមិនត្រូវបានធ្វើឡើងត្រឹមតែរយៈពេល១ថ្ងៃនោះទេ ដោយតម្រូវឲ្យមានមន្ត្រីជំនាញនៅប្រចាំការ រៀងរាល់ម៉ោងធ្វើការជានិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋរយៈពេល១០ថ្ងៃឯណោះ បើក្នុងអំឡុងពេល១០ថ្ងៃនៃការចែក លើសពី១០ថ្ងៃឡើងទៅ គឺតម្រូវឲ្យប្រជាពលរដ្ឋទៅទទួលយកបន្តនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ។

ឯកឧត្តម ប៊ុន ឡុង បន្តថា ការចែកនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនាពេលនេះដែរ គឺបានធ្វើឡើងក្រោយពីមន្ត្រីជំនាញរបស់ការិយាល័យ សហការ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ បានចំណាយពេលវេលាជិត២ឆ្នាំ ក្នុងការប្រកាសតំបន់វិនិឆ្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ទាំងការចុះវាស់វែងប្រមូលទិន្នន័យ បំបែកក្បាលដីសរុបលើឯកសារ និងប្រកាសបិទផ្សាយជាសាធារណៈ១៥ថ្ងៃ ក្រោយបន្ថែមទៀត ក្នុងការទទួលពាក្យបណ្ដឹងនានា ដើម្បីធ្វើការដោះស្រាយដោយជោគជ័យ។

លើសពីនេះ ឯកឧត្តម ជា ពិសី បានថ្លែងស្ងើចសរសើរចំពោះមន្ត្រីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខណ្ឌ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ ដែលបានខិតខំអនុវត្តចុះវាស់វែងប្រមូលទិន្នន័យ បំបែកក្បាលចុះក្នុងបញ្ជី រហូតប្រជាពលរដ្ឋទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ គឺបានផ្ដល់នូវសារប្រយោជន៍ពីរយ៉ាងដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង ក្នុងការធានាភាពកក់ក្ដៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ដែលជាការសម្គាល់ភស្តុតាងមួយ ដើម្បីចៀសវាងពីការរំលោភបំពានផ្សេងៗ ក្រោមការគិតគូរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕