ក្រុមហ៊ុន​យក្ស​របស់​ស្វីស​គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​នៅ​កម្ពុជា


ក្រុមហ៊ុន​លំដាប់​ពិភពលោក​ Buhler​ ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​ទី​ក្រុង​ហ្សូ​រិច​ នៃ​ប្រទេស​ស្វីស​ គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​ (សៃ​ឡូ​) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ​ និង​ធ្វើ​ពិព​ធិ​កម្មការ​នាំចេញ​ផលិតផល​សម្រេច​ ទៅកាន់​ទីផ្សារ​សាកល​ ប្រកបដោយ​និរន្តរភាព​។

នៅក្នុង​ជំនួប​ជាមួយ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ លោក​ David​ Wang​ ប្រធាន​ក្រុមហ៊ុន​ Buhler​ Group​ Asia​ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ និង​បាន​ជម្រាប​ជូន​អំពី​សាវ​តា​ និង​ផលិតផល​សំ​ខាន់​ៗរបស់​ក្រុមហ៊ុន​ មាន​ដូចជា​ អាហារ​កែច្នៃ​ពី​គ្រាប់​ធុញ្ញជាតិ​, ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​សម្ភារៈ​បច្ចេកវិទ្យា​។

លោក​ David​ Wang​ បន្ត​ថា​ បេសកកម្ម​របស់​ក្រុមហ៊ុន​ Buhler​ ផ្តោត​សំខាន់​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ ដើម្បី​កែច្នៃ​ផលិតផល​, បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នកប្រើ​ប្រាស់​, និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម​ ហើយ​នៅ​កម្ពុជា​ លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​ឡសម្ងួត​ទំនើប​ចំនួន​ ១០ទីតាំង​ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ ១០​ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​ប្រមាណ​ ១លាន​តោន​ និង​អាច​សម្ងួត​ស្រូវ​ ១៣ពាន់​តោន​ ក្នុង​មួយថ្ងៃ​ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ​ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​សម្តែង​ក្តី​សាទរ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ Buhler​ ដែល​មាន​សង្គតិភាព​ជាមួយ​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា​ (CTIS​) និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ (IDP​) ព្រមទាំង​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា​ នៅពេល​ការសាងសង់​បញ្ចប់​ គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។

លើស​ពីនេះ​ ឡសម្ងួត​ទាំងអស់​ ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​-ពាណិជ្ជកម្ម​ជាតិ​ ដែល​នឹង​រួមចំណែក​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​៕