សិក្ខាសាលា បើក​ដំណើរការ​អនុវត្ត និង​ពិគ្រោះ​យោបល់​«គម្រោង​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញប្បទាន​ជីវៈចម្រុះ»


នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩​ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា បើក​ដំណើរការ​អនុវត្ត និង​ពិគ្រោះ​យោបល់​«គម្រោង​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញប្បទាន​ជីវៈចម្រុះ (BIOFIN)» ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) តំណាង​ក្រសួង ស្ថាប័ន វិស័យ​ឯកជន ​អង្គការ​ពាក់ព័ន្ធ និង​និស្សិត​ដែល​មាន​​សមាជិក​ចូលរួម​សរុប​ប្រមាណ១៥០នាក់។
សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី៖ ១. ផ្សព្វផ្សាយ​អំពី​គម្រោង BIOFIN ដល់​អ្នក​ទទួល​ផល និង​អ្នក​ពាក់ព័ន្ធ​នានា ២. ណែនាំ​អំពី​វិធីសាស្ត្រ​វាយតម្លៃ​របស់​គម្រោង BIOFIN ទៅ​ដល់​អ្នក​ពាក់ព័ន្ធ និង ៣.​ពិភាក្សា និង ពិគ្រោះយោបល់​ជា​មួយ​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព និង​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អនុវត្ត​គម្រោង​នា​ពេល​ខាង​មុខ។
មាន​ប្រសាសន៍​បើក​សិក្ខាសាលា ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​នៃ​ក.ជ.អ.ច. បាន​លើក​ឡើង​ពី​ភាព​សំបូរ​បែប​នៃ​ធនធាន​ធម្មជាតិ និង​ធនធាន​ជីវៈចម្រុះ ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ឯកឧត្ដម​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ក្រោម​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​វិស័យ​បរិស្ថាន​ បាន​ធ្វើ​ឱ្យ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​បាន​កើន​ឡើង​ប្រមាណ​៤១% នៃ​ផ្ទៃ​ដី​ប្រទេស ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​ការ​ចូល​រួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ​និង​តំបន់​ទេសភាព​ឱ្យ​មាន​និរន្តរភាព ​សំដៅ​ជំរុញ​ការ​ទាញ​យក​ចំណូល​នា​ពេល​អនាគត ​តាមរយៈ​ការ​បង្កើន​ព្រៃស្តុក​កាបូន និង​ការ​បង្កើត​យន្តការ​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​ជាតិ។
ឯកឧត្ដម​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ជា​ធម្មតា​ការ​ចំណាយ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​តែងតែ​មាន​ចំនួន​ច្រើន​ជាង​ធនធាន​ដែល​យើង​មាន ដូច្នេះ​ការ​អនុវត្ត​យន្តការ​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញប្បទាន​ជីវៈចម្រុះ (BIOFIN) នឹង​អាច​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​បំពេញ​កង្វះខាត​ថវិកា​ និង​ផែនការ​អនុវត្ត​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ទាំង​នោះ​។
ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​អគ្គលេខាធិការ​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​របស់​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួង​បរិស្ថាន ដែល​មាន​នាយកដ្ឋាន​ជីវៈចម្រុះ​ជា​សេនាធិការ​ ក្នុង​ការ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​អភិរក្ស​កេសរកូលព្រៃ​ នៅ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប​។ គំនិត​ផ្តួចផ្តើម​នេះ​មិន​ត្រឹមតែ​អាច​ជួយ​អភិរក្ស​ប្រភេទ​កេសរកូលព្រៃ​របស់​កម្ពុជា​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ប៉ុណ្ណោះ​ទេ​ ថែមទាំង​អាច​ក្លាយ​​ជា​ប្រភព​ចំណូល​ជួយ​គាំទ្រ​ដល់​ការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជនមូលដ្ឋាន​តាម​រយៈ​ការ​កែច្នៃ​ផ្នែក​ខ្លះ​នៃ​កេសរកូល​ជា​វត្ថុ​អនុស្សាវរីយ៍ និង​លក់​ផលិតផល​ក្នុង​ស្រុក​ជូន​ភ្ញៀវ​ទេសចរ​។ល។
សូម​ជម្រាប​ផង​ដែរ​ថា ​គំនិត​ផ្ដួចផ្ដើម​​ហិរញ្ញប្បទាន​ជីវៈចម្រុះ​ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ក្នុង​ការ​ឆ្លើយតប​នៅ​នឹង​តម្រូវ​ការ​ជា​បន្ទាន់​របស់​ពិភពលោក​ដើម្បី​ទាក់ទាញ​ថវិកា​ពី​ប្រភព​នានា​សំដៅ​អនុវត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ជីវៈចម្រុះ​ជាតិ និង​សកល។ ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣៥ ដែល​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​នឹង​អនុវត្ត​សកម្មភាព​មួយ​ចំនួន​ក្នុង​រយៈពេល​៥ឆ្នាំ ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២៕