អភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣


ថ្ងៃព្រហស្បតិ៍ ៣ រោច ខែជេស្ឋ ឆ្នាំកុ រឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
June 20, 2019 លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការខិតខំសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ក៏មានបញ្ហាប្រឈមនឹងកិច្ចការអាទិភាពជាច្រើនទៀត ដែលពុំទាន់បានសម្រេចបានទាំងស្រុងនៅឡើយ។ រាជរដ្ឋាភិបាលបន្តខិតខំជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនោះមានកិច្ចការសំខាន់ៗជាអាទិភាពចំនួន៤ គឺ ទីមួយ : ការបង្កើនការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទីពីរ : ការផ្ទេរមន្ត្រីបុគ្គលិកក្រសួងមហាផ្ទៃ មកជាមន្ត្រីបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទីបី : ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រុង ស្រុក និងទីបួន : ការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍មូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការជាអាទិភាពទាំង ៤ ខាងលើ ជម្រៅឲ្យមានការត្រៀមរៀបចំកិច្ចការនានាជាច្រើនចាប់ពីឆ្នាំ២០១៩ នេះតទៅដែលមានជាអាទិ៍ :
-ការបណ្ដុះបណ្ដាលដល់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីនៅថ្នាក់ក្រោមជាតិអំពីសមត្ថភាពថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងការងារខាងលើនេះប្រកបដោយប្រសិទ្ធភាព ជាពិសេសអំពីរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក និងការចាត់ចែងគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរស្របតាមលក្ខន្តិកៈដោយឡែករបស់មន្ត្រីបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
-ការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារដែលបានផ្ទេរ។
-ការកំណត់អំពីតម្រូវការថវិកា មធ្យោបាយ សម្ភារៈដែលត្រូវផ្ទេរទៅដល់រដ្ឋបាលក្រុង ស្រុក ដោយផ្អែកលើតម្រូវការនៃរចនាសម្ព័ន្ធ និងប្រព័ន្ធដែលនឹងត្រូវរៀបចំឡើងវិញ។
-សិក្សា និងរៀបចំឡើងវិញនូវទំនាក់ទំនង ការគាំទ្រ និងការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃពីថ្នាក់ជាតិ និងថ្នាក់ខេត្ត ទៅលើក្រុង ស្រុក និងទំនាក់ទំនងរវាងថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។
-ពិនិត្យ និងរៀបចំឡើងវិញនូវប្រព័ន្ធគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាដល់ការចាត់ចែងប្រើប្រាស់ថវិកា ដែលបានបង្កើនប្រកបដោយតម្លាភាព គណនេយ្យ និងមានប្រសិទ្ធភាពខ្ពស់៕