អាជ្ញាធរខេត្តលើកទឹកចិត្តឱ្យអាជ្ញាធរស្រុកសៀមប៉ាងបង្កើនការអភិរក្សសត្វត្មាត


ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យអាជ្ញាធរស្រុកសៀមប៉ាង បង្កើនកិច្ចសហការជាមួយអង្គការដែគូ អភិរក្សសត្វស្លាប់(សត្វត្មាត) ដោយផ្តល់ចំណីអាហារបន្ថែម ដើម្បីឱ្យវារស់នៅតំបន់អភិរក្សាបានបន្តពូជ កុំឱ្យវាចាកចេញ ទៅប្រទេសឡាវ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៩ខែមិថុនា ឯកឧត្តម ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ស្រុកសៀមប៉ាងសម្បូរទៅដោយធនធានធម្មជាតិទាំងក្នុងដី ក្នុងទឹក និងលើគោគ ជាពិសេសនោះមានវត្តមាន -សត្វត្រយ៉ងយក្ស-ត្រយ៉ងចម្កំ ក ស- សត្វត្រដក់តូច -ត្រដក់ធំ និងសត្វត្មាតបីប្រភេទ- ដែលជាសត្វជិតផុតពូជកំពុងរស់នៅ ដូចនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអភិរក្សឱ្យនៅគង្គវង្ស។

លោកផាន់យុទ្ធអភិបាលស្រុកសៀមប៉ាងបានទទួលស្គាល់ថា៖សត្វត្មាតនេះវាជាអត្តសញ្ញាណមួយ បង្ហាញពីប្រទេសកម្ពុជាយើងនៅមាន ហើយនៅស្រុកសៀមប៉ាងមានសត្វប្រភេទនេះរស់នៅច្រើនជាងគេ បច្ចុប្បន្នមានអង្គការអន្តរជាតិ អភិរក្សសត្វស្លាប ផ្តល់អាហារបន្ថែមក្នុងមួយខែពីលើក។

លោកស៊ុត សុវណ្ណ ប្រធានក្រុមប្រឹក្សាស្រុកសៀមប៉ាងបានគាំទ្រចំពោះយន្តការនេះព្រោះវាជាយុទ្ធសាស្ត្រមួយការពារបានប្រភេទសត្វដ៍កម្រនេះ ដែលនៅសេសសល់ចុងក្រោយ ហើយនៅតំបន់ដែនអភិរក្សសៀមប៉ាង ក៍មានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅដែរ។
លោកបន្តថា៖សម្បត្តិធនធានទាំងនេះអាជ្ញាធរតែងតែផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋយើងឱ្យជួយថែរក្សាហើយបច្ចុប្បន្នពួកគាត់បានភ្ញាក់រលឹកនាំគ្នាចូលរួមបានច្រើន។

សូមបញ្ជាក់ថា៖នៅតំបន់ដែនអភិរក្សសត្វស្លាបសៀមប៉ាងមានពពួកសត្វស្លាបរស់នៅច្រើនប្រភេទ តែសត្វស្លាបកំពុងប្រឈមនិងការផុតពូជនោះមាន សត្វត្មាតផេះ-ត្មាតភ្លើង-ត្មាតត្នោត-ត្រដក់ធំ-ត្រយ៉ង.ក .ស-និងសត្វត្រយ៉ងយក្សជាដើម៕