រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតរដ្ឋកាតាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម


នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតរដ្ឋកាតាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម Mohamed Ismail Al Emadi ឯកអគ្គរាជទូតកាតា នៅទីស្ដីការក្រសួង។

ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹង-ពង្រីកបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតកាតាយ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកាតា។

មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏លើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតកាតាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម Mohamed Ismail Al Emadi បានបង្ហាញការសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នឹងកាន់មានភាពល្អប្រសើរលើគ្រប់វិស័យ ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕