ឯកឧត្តម គួច ចំរើន នឹងចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមិថុនា ខាងមុខនេះ


ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម នឹងចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ពិធីប្រកាសចូលកាន់តំណែងរបស់ ឯកឧត្តម គួច ចំរើន នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ចំណែក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរមកជាអភិបាលខេត្តកំពង់ចាម។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ឯកឧត្តម គួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ សម្តេចបានអះអាងថា ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចឯកឧត្តម គួច ចំរើន ជាអ្នកគ្រប់គ្រង។