សម្ព័ន្ធភាពភស្តុភារពិភពលោកជ្រើសយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទភស្តុភារពិភពលោក


សម្ព័ន្ធភាពភស្តុភារពិភពលោកជ្រើសយកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសន្និសីទភស្តុភារពិភពលោក ក្នុងគោលបំណងភ្ជាប់បណ្តាញនិងជំរុញកិច្ចសហការលើវិស័យភស្តុភារកម្មរវាងប្រទេសកម្ពុជាទៅកាន់តំបន់និងពិភពលោកឲ្យមានការរីកចម្រើនមួយកម្រិតទៀត។

លោកស្រី ហ្រ្គេស សាន់ (Grace Sun)ស្ថាបនិកសម្ព័ន្ធភាពភស្តុភារពិភពលោក បានឲ្យដឹងថា
ការជ្រើសយកកម្ពុជារៀបចំសន្និសីទកម្រិតអន្តរជាតិនេះដោយសារតែចង់ចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនិងផ្នែកឯកជននៅកម្ពុជាអំពីវិស័យភស្តុភារ
សម្រាប់ជាកិច្ចបើកឱកាសធ្វើកិច្ចសហប្រតិបត្តិការនិងភ្ជាប់បណ្តាញពាណិជ្ជកម្មខាងដឹកជញ្ជូនឲ្យមានភាពប្រសើរឡើងខណៈបច្ចុប្បន្នសម្ព័ន្ធភាពភស្តុភារពិភពលោកនេះមានក្រុមហ៊ុនដឹកជញ្ជូនជាង៧ពាន់ជាសមាជិក មកពី១២៨ប្រទេស។

សូមបញ្ជាក់ថា សន្និសីទភស្តុភារពិភពលោក លើកទី៧ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែមិថុនានេះ មានអ្នកជំនាញ និងអ្នកប្រកបរបរវិស័យដឹកជញ្ជូនប្រមាណ៥០០នាក់
មកពី៧០ប្រទេសចូលរួមមានដូចជា កម្ពុជា ចិន ថៃ ស្រីលង្កា អេហ្ស៊ីប ជាដើម។

ឯកឧត្តម ឈាង ពេជ្រ អគ្គនាយក នៃ អគ្គនាយកដ្ឋានភស្តុភារកម្មក្រសួងសាធារណការនិងដឹកជញ្ជូន
បានបង្ហាញដល់អង្គសន្និសីទអំពីការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ
និងប្រព័ន្ធភស្តុភាររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ច្រកដឹកជញ្ជូន
និងច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា មានចំនួន៣សំខាន់
គឺច្រកភស្តុភារកម្មភ្នំពេញ-ខេត្តព្រះសីហនុ ដែលតំណាង៦៥ភាគរយ
នៃការនាំចេញនាំចូល តាមផ្លូវគោក និងផ្លូវដែក
ច្រកភស្តុភារកម្មភ្នំពេញ-ប៉ោយប៉ែត-ស្ទឹងបត់-  ដែលតំណាង១៥ភាគរយ
នៃការនាំចេញនាំចូលតាមផ្លូវគោក និងផ្លូវដែក
និងច្រកភស្តុភារកម្មភ្នំពេញ-បាវិត ដែលតំណាង៨ភាគរយ
នៃការនាំចេញនាំចូលតាមផ្លូវគោក និងផ្លូវទឹក។

លោក តេ រ៉ុង អតីតអនុប្រធានប្រតិបត្តិនៃសមាគមភស្តុភារចិន
បានបង្ហាញពីការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា
ក្នុងការលើកកម្ពស់សក្តានុពលវិស័យភស្តុភារ តាមរយៈការជំរុញវិស័យពាណិជ្ជកម្ម
ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ
ដើម្បីសម្រេចគោលបំណងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនឲ្យកាន់តែទូលំទូលាយ។

គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍
និងវិស័យឯកជន បាននឹងកំពុងបង្កើតប្រព័ន្ធសេវាភស្តុភារឆ្លងដែន
និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលអាចជួយឲ្យទំនិញរបស់កម្ពុជា
មានលទ្ធភាពនាំចេញទៅទីផ្សារអន្តរជាតិកាន់តែច្រើនឡើងថែមទៀត៕