ប្រជាពលរដ្ឋស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលសេវាអប់រំសុខភាព និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា


(ពោធិ៍សាត់)៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណជាង៥០០នាក់ បានទទួលសេវាអប់រំសុខភាព និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតកម្ពុជា ក្រោមកិច្ចសហការឧបត្ថម្ភពី អង្គការគ្រូពេទ្យអន្តរទ្វីប នៃប្រទេសអារ៉ាប៊ីសាអូឌីត។

កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភាជាតិ តំណាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៣០នាក់ ចុះពិនិត្យ និងព្យាបាលដោយផ្ទាល់ ដែលទទួលពិនិត្យព្យាបាល ជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី និងជំងឺមាត់ធ្មេញ។

ក្រៅពីនេះ ក៏មានមានកម្មវិធីអប់រំសុខភាព ដែលផ្តោតសំខាន់ទៅលើការការពារទប់ស្កាត់ពីជំងឺគ្រុនចាញ់ផងដែរ។ ក្នុងពិធីបើកនេះ ក៏មានវត្តមានឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់, លោកជំទាវ ជុក សុ ផា នី អភិបាលរងខេត្តពោធិ៍សាត់ តំណាងអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងក្រសួងនានាទៀត។

ឯកឧត្តម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាមន្រ្តីទទួលបន្ទុកទំនាក់ទំនង គម្រោងសុខាភិបាលរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាមួយអង្គការគ្រូពេទ្យអន្តរទ្វីប បានឲ្យដឹងថា ស្របជាមួយនឹងគម្រោងអបរំសុខភាព និងព្យាបាលជំងឺទូទៅ កម្មវិធីនេះក៏ធ្វើឡើងដើម្បីប្រមូលស្ថិតិ អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ជាពិសេសតម្រូវការវះកាត់គ្រប់ប្រភេទជំងឺ ដើម្បីត្រៀមបញ្ជូនទៅទទួលសេវាព្យាបាល វះកាត់ដោយឥតថ្លៃ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ជាការរៀបចំរបស់អង្គការគ្រូពេទ្យអន្តរទ្វីប ដែលមានវេជ្ជបណ្ឌិត ឯកទេសពីប្រទេសអារ៉ាប៊ីសាអូឌីតជាច្រើននាក់ ចូលរួមសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមន្ទីរសុខាភិបាល-មន្ទីរពេទ្យខេត្តពោធិ៍សាត់។

ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានសុខាភិបាល របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកក្រគរ និងស្រុកនានាជុំវិញខេត្ត ដែលមានបញ្ហារ៉ាំរ៉ៃ នូវជំងឺជាច្រើនប្រភេទដូចជា ជំងឺក្លន ជំងឺពកក ជំងឺកុមារគ្រប់ប្រភេទ ជំងឺឆែបមាត់ បញ្ហាទារកដែលកើតមានបញ្ហាអវៈយវៈ ជំងឺដុំពកផ្សេងៗ ទឹកដក់ក្នុងតម្រងនោម រោគស្ត្រី និងសម្ភពជាដើម សូមអញ្ជើញទៅចុះឈ្មោះជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ររបស់គាត់ផ្ទាល់ ឬក៏នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃនេះតទៅ ដើម្បីត្រៀមទទួលការពិនិត្យ ព្យាបាល វះកាត់ ដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតឯកទេស ពីប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានេះ លោកជំទាវ ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ក៏ដូចជាសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ដែលជានិច្ចកាលតែងតែចុះជួបប្រជាពលរដ្ឋ ផ្តល់ការអប់រំសុខភាព និងសេវាព្យាបាលដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះសរបញ្ជាក់ឲ្យឃើញអំពីការចូលរួមយ៉ាងសកម្មរបស់សមាគមអង្គការនេះ ក្នុងការទ្រទ្រង់ជីវភាព លទ្ធភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាក់ទងវិស័យសុខាភិបាល និងវិស័យចាំបាច់នានារបស់សហគមន៍។

ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភាជាតិនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យសុខាភិបាល ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសចំពោះស្ត្រីដែលមានការលំបាកក្នុងជីវភាព ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គម។

សមាជិកសភារូបនេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នគោលនយោបាយគាំពារសង្គម ត្រូវបានគិតគូរជាចម្បង ទៅលើស្ត្រី និងកុមារ ដែលកិច្ចការនេះរដ្ឋាភិបាល បានអនុវត្តរួចមកហើយតាំងពីឆ្នាំ២០១៨កន្លងទៅ ពោលគឺស្ត្រីកម្មការិនីមានផ្ទៃពោះ និងសម្រាលកូនសុទ្ធតែត្រូវបានទទួលថវិការបបគាំពារសង្គម។

ស្របជាមួយគ្នានេះដែរ ដែលកាន់តែពិសេសដើម្បីលើកកម្ពស់សុខុមាលភាពស្រ្តីចំពោះស្ត្រីគ្រួសារក្រីក្រ ដែលមានផ្ទៃពោះសម្រាលកូន រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់របបគាំពារសង្គម ដល់ពួកគាត់ផងដែរ ដែលគោលនយោបាយនេះ ត្រូវបានចាប់ផ្តើមកន្លងទៅថ្មីៗនេះ ហើយត្រូវអនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេសតែម្តង ពោលចំពោះស្ត្រីក្រីក្រគិតចាប់ពីពួកគាត់មានផ្ទៃពោះ៩ខែ ១០ថ្ងៃ រហូតដល់សម្រាលកូនបានអាយុ២ឆ្នាំ រាជរដ្ឋាភិបាល និងផ្ដល់ប្រាក់របបគាំពារសង្គម នូវថវិកាសរុបចំនួន៧៦ម៉ឺនរៀល៕