កិច្ចប្រជុំសរុបលទ្ធផលការត្រួតពិនិត្យភាពរីកចម្រើននៃការអនុវត្តទូទៅរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ


រាជធានីភ្នំពេញ៖កិច្ចប្រជុំសរុបលទ្ធផលការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ មានគោលបំណងសរុបវាយតម្លៃលទ្ធផល និងផ្ដល់អនុសាសន៍បន្ថែមលើការអនុវត្តសកម្មភាពទូទៅនៃគម្រោងក្រោយដំណើរបេសកកម្មរួមគ្នាត្រួតពិនិត្យតាមដាន និងទទួលមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធរវាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ីADBនៅតាមអង្គភាពជំនាញ និងសាលាមធ្យមសិក្សាធនធានតាមបណ្ដាខេត្តមួយនាពេលកន្លងទៅនេះ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពិភាក្សាពីសំណាក់លោកស្រីLynnetteperezប្រធានបេសកកម្ម និងតំណាងធនាគារអភិវឌ្ឍអាស៊ី នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

នាឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនជំរុញការបន្តអនុវត្តគម្រោងនេះឱ្យកាន់តែមានប្រសិទ្ធភាពរួមមាន ៖
-ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាលារៀនរួមជាមួយការបំប៉នសមត្ថភាពគណៈគ្រប់គ្រង និងគ្រូបង្រៀន
-ជំរុញក្រុមការងារបណ្ដុះបណ្ដាល និងក្លឹបសិក្សា
-ការកែលម្អកម្មវិធីសិក្សា និងការបញ្ជ្រាបICTជំនួយការបង្រៀនមុខវិជ្ជាទូទៅ
-ការផ្ដល់អាហារូបករណ៍ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព
-បង្កើនកិច្ចការស្រាវជ្រាវពាក់ព័ន្ធសាលាមធ្យមសិក្សាធនធាន
-រួមនឹងការរៀបចំគោលការណ៍អនុវត្តគន្លងអាជីពគ្រូបង្រៀនឱ្យមានប្រសិទ្ធភាពជាដើម។ល។