ដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើដល់ប្រធានសាលាដំបូងខេត្តថ្មី រួមទាំងមន្រ្តីតុលាការទាំងអស់ ត្រូវសហការគ្នា ក្នុងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងក្តីឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមច្បាប់បានកំណត់


មណ្ឌលគិរី៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខដំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរីដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ការផ្ទេរមុខដំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ធ្វើឡើងបន្ទាប់បានធ្វើការសម្រេច សម័យប្រជុំពេញអង្គ ក្រុមប្រឹក្សាអង្គចៅក្រម លើកទី៣១ ហើយការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនាពេលនេះ ក្នុងគោលបំណង ដើម្បីធានាឲ្យបាននូវការបង្កើន ពង្រឹងកិច្ចការងារឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានកោតសរសើរដល់លោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត ដែលបានបម្រើការងាររយៈពេលជិត១០ឆ្នាំមកនេះ ក្នុងការអនុវត្តការងារយ៉ាងសកម្មនៅសាលាដំបូងខេត្តមណ្ឌលគិរី ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អគួរឲ្យកក់សម្គាល់។ ដូច្នេះ ឯកឧត្តម បានស្នើដល់ប្រធានសាលាដំបូងខេត្តថ្មី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អង្គចៅក្រម និងមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជប់ខ្ជួន នូវសប្បជញ្ញះ មនសិកា និងឧត្តមគតិខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ប្រកបដោយតម្លាភាព សាមគ្គីភាព និងយុត្តិធម៌ ស្របតាមច្បាប់ជូនសាធារណៈជន ដើម្បីធ្វើយ៉ាងណាឲ្យវិស័យយុត្តិធម៌កាន់តែមានភាពល្អប្រសើរ។ ត្រូវគោរព និងប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់នូវក្រមសីលធម៌ចៅក្រម ដែលក្រមសីលធម៌នេះជាត្រីវិស័យសម្រាប់ជូនអង្គចៅក្រម ព្រះរាជអាជ្ញាឲ្យក្លាយខ្លួនទៅជាច្បាប់ ដែលមានឧត្តមគតិខ្ពស់ គោលបំណង ពង្រឹង នូវឯករាជ្យជាតិ សេចក្តីថ្លៃថ្លូនៃអង្គចៅក្រម ព្រះរាជអាជ្ញាក្នុងការអនុវត្តភារកិច្ចរបស់តុលាការ។ ត្រូវប្រកាន់នូវស្មារតីសហការគ្នា ក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដោយឈរលើស្មារតី នៃការគោរព និងយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងក្តីឲ្យបានត្រឹមត្រូវ និងចាត់ការឲ្យបានទាន់ពេលវេលា ស្របតាមច្បាប់បានកំណត់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំបន្ថែមដល់ប្រធានសាលាដំបូងខេត្ត ដែលទើបចូលកាន់មុខដំណែងថ្មី ត្រូវបន្តកិច្ចខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តការងារ ក្នុងនាមអនុវត្តច្បាប់ឲ្យបានល្អប្រសើរ ជាពិសេស ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត ទៅលើវិស័យយុត្តិធម៌ ក្នុងគោលដៅរួមចំណែក ការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

ឯកឧត្តម បានបន្ថែមថា ការបំពេញតួនាទី ភារកិច្ច ប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងចៅក្រម ត្រូវធ្វើយ៉ាងណា ឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋ ក្នុងការសម្រេចការកាត់ក្តីណាមួយ ត្រូវពិនិត្យ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តឲ្យបានត្រឹមត្រូវ ស្ថិតលើភាពយុត្តិធម៌ ឬកាត់ក្តីទាំងឡាយ ធ្វើយ៉ាងណា ឲ្យការកាត់ក្តីនេះមានភាពត្រឹមត្រូវ ហើយអាចឲ្យគូរភាគ្គីទំនាស់នេះ ទទួលយកបានទាំងសងខាង។

សូមបញ្ជាក់ថា ពិធីប្រកាស ផ្ទេរភារកិច្ច និងចូលកាន់មុខដំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងនោះ លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តព្រះវិហារ ត្រូវផ្ទេរមុខដំណែង ឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស លោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវផ្ទេរមុខដំណែងទៅបម្រើការងារជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែងវិញ៕