នាយកប្រតិបត្តិផ្នែកសមាហរណកម្មពាណិជ្ជកម្ម WTO កោតសរសើរការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន


(ហ្សឺណែវ, ស្វីស)៖ លោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាឱ្យរក្សាបានក្នុងកំណើនប្រមាណ ៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោងក្រោយនេះ។

ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងពេលដែលលោកបណ្ឌិត រតនាការ អាឌីការី អញ្ជើញចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងជំនួបនោះលោកនាយកប្រតិបត្តិ បានលើកឡើងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧%ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ។

នាយកប្រតិបត្តិរូបនេះបានលើកឡើងថា អ្វីដែលកម្ពុជាបានអនុវត្តកន្លងមក គឺចេញជាលទ្ធផលគួរឲ្យកោតសរសើរជាពិសេសក្នុងការនាំចេញអង្ករផងដែរ។ លោកនាយកប្រតិបត្តិបានកោតសរសើរចំពោះសម្ដេចតេជោដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អញ្ជើញលោកនាយកប្រតិបត្តិឲ្យទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ហើយសម្តេចក៏បានអរគុណចំពោះនាយកប្រតិបត្តិនិងស្ថាប័ន និងស្ថាប័នរបស់លោកដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍនៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះ។

សម្ដេចក៏បានគួរបញ្ជាក់ថា កន្លងមកកម្ពុជាបានទទួលការគាំទ្រប្រមាណ ៥៧លានកន្លះដើម្បីជំរុញការងាររបស់ប្រទេសកម្ពុជាក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះ។ ប្រទេសកម្ពុជាបានបន្តធ្វើបច្ចុប្បន្នភាព ជាពិសេសលើពាណិជ្ជកម្មនេះ និងជាពិសេសក្នុងការជំរុញធ្វើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា «យើងបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មកម្ពុជានៅ២០០១ មកម៉្លេះ។ ពិសេសក្នុងការរៀបចំយុទ្ធ​សាស្ត្រចតុកោណរបស់​រដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ យើងចង់ឃើញបន្ទាប់ទៀត គឺការពង្រឹងនៃសមាហរណកម្មប្រជាជនជន ពីព្រោះកន្លងមកប្រទេសកម្ពុជា​ឆ្លងកាត់ការលំបាកជាច្រើន ក៏ប៉ុន្តែប្រទេសកម្ពុជាបានតស៊ូជម្នះឧបសគ្គជាបន្តបន្ទាប់ជាពិសេសការរៀបចំដាក់ចេញនូវនយោបាយឈ្នះឈ្នះក្នុងឆ្នាំ១៩៩៨ មករហូតដល់កម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤»

សម្តេចតេជោក៏បានអរគុណនាយកប្រតិបត្តិ ដែលបានផ្ដល់ជំនួយជាពិសេសក្នុងការជួយការធ្វើយុទ្ធសាស្ត្រសមារណកម្មពាណិជ្ជកម្មប្រទេសកម្ពុជានេះឆ្នាំ ២០១៩-២០២៣។

សម្តេចតេជោបានគួសបញ្ជាក់ថា កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងក្រខណ្ឌអាស៊ាន។ ជាពិសេសក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានក៏អាចធ្វើសមាហរណកម្មផងដែរ។

សម្តេចតេជោបានលើកឡើងថា ត្រូវតែជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលជាប្រទេសដៃគូសន្ទនាដូចជាប្រទេសចិនជាដើម និងប្រួេសប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ សម្តេចតេជោបានបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោកនៅតែក្លាយជាអង្គការដែលមានស្ថេរភាព ហើយអ្វីដែលសំខាន់គឺកម្ពុជានៅតែបន្តប្រើប្រាស់យន្តការអង្គការពាណិជ្ជកម្មពិភពលោកនេះ ហើយសម្ដេចក៏បានស្នើធ្វើយ៉ាងណាឲ្យបន្តជួយប្រទេស​កម្ពុជាជាបន្តទៀតក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ ហើយមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ក៏ដូចជាប្រទេសដទៃទៀតផងដែរ៕