ឯកឧត្តម ស ថាវី ជួបសំណេះសំណាលជាមួយសមាជិកក្រុមការងារថ្នាក់មូលដ្ឋានស្រុក សេសាន​ ខេត្តស្ទឹងត្រែង


នៅសាលប្រជុំស្រុកសេសាន ខេត្តស្ទឹងត្រែង ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសេសាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមការងារថ្នាក់មូលដ្ឋានស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃពុធ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងារ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធានអនុប្រថានការិយាល័យ អង្គភាពជំនាញ មេឃុំទាំង០៧ ដែល​ជាសមាជិកក្រុមការងារ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបផងដែរ ។

ឯកឧត្តម សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានធ្វើរបាយការណ៍ឱ្យដឹងថា ស្រុកសេសាន គឺជាស្រុកមួយក្នុងចំណោម ក្រុង ស្រុក ទាំងចំនួន០៦នៃខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ខាងលិចទល់នឹងក្រុងស្ទឹងត្រែង ​ខាងកើតទល់នឹងស្រុកកូនមុំ ខេត្តរតនគិរី ខាងជើងទល់នឹងស្រុកសៀមប៉ាង ខាងត្បូងទល់នឹងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ស្រុកសេសានមានឃុំចំនួន៧ ភូមិចំនួន២២ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ២២.៦០៣នាក់ ស្រីចំនួន ១១.៩៧០នាក់ ស្មើ ៥.៨៤៣គ្រួសារ ។ ប្រជាពលរដ្ឋសព្វថ្ងៃរស់នៅពឹងផ្អែកលើរបរកសិកម្ម និងនេសាទ នៅឆ្នាំ២០១៩នេះប្រជាពលរដ្ឋអាស្រ័យផលលើផ្ទៃដី មានផ្ទៃដីដាំបន្លែគ្រប់មុខចំនួន ៩៧ហិកតា ដាំពោតចំនួន ២៨៤ហិកតា ដាំល្ងចំនួន ៥៧ហិកតា ដាំដំឡូងមីចំនួន ១.៧៩១ហិកតា ដាំអំពៅចំនួន ៥១ហិកតា ដាំម្នាស់ចំនួន ០៦ហិកតា ដាំដំឡូងជ្វាចំនួន ៥៨ហិតា ដាំសណ្តែកសៀងចំនួន ១០១ហិកតា ដាំសណ្តែកដីចំនួន ៥៤ហិកតា ដាំស្វាយចន្ទីចំនួន ៧២ហិកតា ដាំស្វាយចំនួន ០៧ហិកតា ដាំក្រូចពោធិ៍សាត់ចំនួន ៣ហិកតា ដាំចេកចំនួន ២៨ហិកតា ដាំសណ្តែកបាយចំនួន ៨១ហិកតា និងផ្ទៃដីដាំម្រេចចំនួន ២១ហិកតា ។

ឯកឧត្តម ស ថាវី បានមានប្រសាសន៍កោតសសើរដល់សមាជិកក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើការអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនលើគ្រប់វិស័យ បានធ្វើការងារដោះស្រាយរាល់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ។ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋសព្វថ្ងៃ និងការអភិវឌ្ឍនៅពេលខាងមុខ សមាជិកក្រុមការងារនៅគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ ត្រូវរៀបចំធ្វើរបាយការណ៍បញ្ហាប្រឈមនានា និងតម្រូវការប្រើប្រាស់ចាំបាច់របស់ប្រជាពលរដ្ឋ យកមកពិភាក្សា ដោះស្រាយឱ្យទាន់ពេលវេលា ។

ឯកឧត្តម បានសង្កត់ធ្ងន់លើយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការធានាកំណើនសេដ្ឋកិច្ចជាប្រចាំ ៧ភាគរយ ជារៀងរាល់ឆ្នាំ ការបង្កើតការងារជូនប្រជាពលរដ្ឋ ការបន្តកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ និងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជន។ ហេតុនេះមន្រ្តីដែលពាក់ព័ន្ធទាំងអស់ត្រូវបំពេញតួនាទី ភារកិច្ច ដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕