អភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារខណ្ឌ ចុះពន្យល់ណែនាំបងប្អូនអាជីវករដែលលក់ដូរនៅផ្សារថ្ម នៃទីរួមផ្សារកណ្តាលទាំងអស់ឱ្យផ្អាកការលក់ដូរជាបណ្តោះ អាសន្ន


នៅថ្ងៃសៅរ៍៥ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី ០៦-កក្កដា ឆ្នាំ២០១៩ វេលា ម៉ោង៨.៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារខណ្ឌ និង ដោយមានការចូលរួមពីលោកនាយកទីចាត់ការរៀបចំក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ លោក ប្រធាន ទីរួមផ្សារកណ្តាល បានដឹកនាំចុះពន្យល់ណែនាំបងប្អូនអាជីវករដែលលក់ដូរនៅផ្សារថ្ម នៃទីរួមផ្សារកណ្តាលទាំងអស់ឱ្យផ្អាកការលក់ដូរជាបណ្តោះ អាសន្នដោយសំណង់នេះមានការទ្រុឌទ្រោមយ៉ាងខ្លាំងដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដើម្បីធ្វើការជួុសជុលឡើងវិញដោយធានានូវសុវត្ថិភាពជូនបងប្អូន ។

ដើម្បីបង្ការទុកជាមុន នូវគ្រោះថ្នាក់ជាយថាហេតុ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយក្រុមការងារ បានស្នើសុំទៅដល់បងប្អូនដែលជាអាជីវករនៅក្នុងទីរួមផ្សារកណ្ដាល (ផ្នែកអាគារថ្ម) ត្រូវបញ្ឈប់ការលក់ដូរជាបណ្ដោះអាសន្ន ដើម្បីក្រុមការងារជំនាញជួសជុលសសរគ្រឹះតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាពជូនអាជីវកផ្សារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមក ទិញទំនិញផ្សេងៗផងដែរ ។