ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភវិទ្យុទាក់ទង ចំនួន១១គ្រឿង មានតម្លៃជាង១ពាន់ដុល្លារ ដល់អាវុធហត្ថស្រុកព្រៃនប់


ភ្នំពេញ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូតកម្ពុជា (G.T.V.C SPEEDBOAT CAMBODIA) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បានចាត់ឲ្យតំណាងនាំយកវិទ្យុទាក់ទង (អាយកូម) ចំនួន១១គ្រឿង មានតម្លៃស្មើនឹង១.១៥៥ដុល្លារអាមេរិក ឧបត្ថម្ភដល់កងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ សម្រាប់យកទៅប្រើប្រាស់កិច្ចការប្រចាំថ្ងៃ ក្នុងកិច្ចរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

តាមការឲ្យដឹងពីតំណាងរបស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា វិទ្យុទាក់ទង ដែលយកទៅប្រគល់ជូនកងរាជអាវុធហត្ថស្រុកព្រៃនប់ ក្នុង១គ្រឿងមានតម្លៃ១០៥ដុល្លារ សរុបចំនួន១១គ្រឿង ស្មើនឹងទឹកប្រាក់ ១.១៥៥ដុល្លារ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានសម្តែងការអរគុណយ៉ាងជ្រៅ ចំពោះទឹកចិត្តមនុស្សធម៌ របស់លោកឧកញ៉ា ដែលបានចាត់តំណាងរបស់លោក នាំយកវិទ្យុទាក់ទង (អាយកូម) ចំនួន១១គ្រឿង ឧបត្ថម្ភ ដល់កម្លាំងអាវុធហត្ថស្រុកព្រៃនប់ សម្រាប់យកប្រើប្រាស់ការងារប្រចាំថ្ងៃ និងបានជូនពរ ឲ្យលោកឧកញ៉ា និងក្រុមគ្រួសារ ទទួលបានសុខភាពល្អ មានសុភមង្គល និងសម្រេចបានជោគជ័យគ្រប់កិច្ចការ។

គួរឲ្យដឹងថា នាពេលកន្លងមក លោកលោកឧកញ៉ា ទៀ វិចិត្រ តែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ គាំទ្រជាថវិកា សម្ភារៈនានា ដល់កម្លាំងមានសមត្ថកិច្ចជាបន្តបន្ទាប់ និងបង្ហាញពីទឹកចិត្តមនុស្សធម៌ ក្នុងការចូលរួមចំណែក កិច្ចការសង្គម៕