ប្រជាពលរដ្ឋក្រុងស្ទឹងត្រែងទទួលបានផ្លូវបេតុងមួយខ្សែនៅតាមជួរមាត់ទន្លេ


ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង ទទួលបាន សមិទ្ធផលថ្មីគឺផ្លូវបេតុងនៅក្នុងក្រុងសម្រាប់បំរើដល់ការធ្វើ ចរាចរណ៍បាន យូរអង្វែង ព្រោះផ្លូវកៅស៊ូ ខូចចំណាយពេលវេលាជួសជុល នឹងខាតបង់តែថវិកាជាតិ ជារៀងរាល់ឆ្នាំ ទើបអាជ្ញាធរខេត្តសម្រេចសាងសង់ផ្លូវបេតុងជំនួសវិញ។

ឯកឧត្តម សយ កុសល អភិបាលក្រុង ស្ទឹងត្រែងបានអោយដឹងថា៖កន្លងមកផ្លូវនេះប្រជាពលរដ្ឋលំបាក ធ្វើចរាចរណ៍ដោយតែ ផ្លូវកៅស៊ូចាស់ ខូច ជង្ហុកទឹកដក់ បង្កការគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅមក ជាពិសេសបណ្តាលឱ្យបាត់បង់សោភណ្ឌភាពក្នុងក្រុងផង ដែរ។
ឯកឧត្តមថា៖បញ្ហាប្រឈមទាំងនេះអាជ្ញាធរខេត្ត ក្រុងបានឯកភាពគ្នាផ្លាស់ប្តូរយុទ្ធសាសន៍ ធ្វើផ្លូវពីកៅស៊ូមកជាផ្លូវបេតុងជំនួសវិញព្រោះយើងធ្វើបានតិច តែឱ្យមានគុណភាពរឹងមាំប្រើប្រាស់បានយូរអង្វែងនឹងចៀសវាងបានកុំឱ្យខាតថវិកាពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយលើកសោភណ្ឌភាពខេត្តនៅតាមជួរ មាត់ទន្លេយើងថែមទៀតផង។
លោក ម៉ើ សុភាព ក្រុមការងារផ្នែកចាក់បេតុងផ្លូវនេះបានបញ្ជាក់ថា៖ផ្លូវនេះស្ថាបនាឡើងបានបួនថ្ងៃ ហើយចំណែកការសាងសង់គ្រោងឱ្យហើយនៅចុងខែកក្កដានេះក្នុងប្រវែង(៦៦៩.៥ម៉ែត្រ)ទទឹង(៨ម៉ែត្រ)។

លោក មាស សុខភាព ប្រជាពលរដ្ឋនៅភូមិបាចុងសង្កាត់ ព្រះបាទបានលើកឡើងថា៖នេះជាជំហរទទួលខុសត្រូវ របស់អាជ្ញាធរក្នុងនាមជាអ្នកដឹកនាំ ព្រោះបានធ្វើការផ្លាស់ប្រូរ ពីផ្លូវ កៅស៊ូ ទៅជាផ្លូវបេតុងប្រជាពលរដ្ឋ ស្រួលធ្វើដំណើរហើយ ទីប្រជុំជនក្រុងស្ទឹងត្រែងកាន់តែមានសោភណ្ឌភាពស្អាត ភូមិដ្ឋានក៍ល្អ ។
លោកថា៖ ប្រជាពលរដ្ឋក្នុងក្រុងត្រេកអរពន់ពេក ណាស់ព្រោះ ផ្លូវនេះបានផ្តល់ អត្ថប្រយោជន៏ច្រើនសំរាប់ ភ្ញៀវទេសចរឆ្លងកាត់ ហើយកូនចៅប្រជាពលរដ្ឋទៅសាលារៀនចៀសផុតពីក្តីព្រួយបារម្ភផ្សេងៗ ក្នុងការធ្វើដំណើរពេលភ្លៀងធំទឹកដក់ពិបាកចៀសគ្នា ជួនពេលខ្លះបង្កគ្រោះថ្នាក់ចរាចរថែមទៀត។

លោក ទូច ឡុច សកាជិក ក្រុមប្រឹក្សាក្រុងស្ទឹងត្រែងបានសុំឱ្យប្រជាពលរដ្ឋ មានផ្លូវល្អហើយសូមឱ្យជួយថែរក្សារ ទាំងអស់គ្នា ព្រោះអាជ្ញាធរធ្លាប់បានណែនាំបងប្អូនជារឿយៗរួចមកហើយ ឱ្យចូលរួមសម្អាតបរិស្ថាន បើមិនបានធ្វើតាមទីសាធារណៈ ក៍បានធ្វើនៅជុំវិញផ្ទះរបស់ខ្លួន ជាពិសេសឈប់ចោលសំរាមរាយប៉ាយ។
សូមបញ្ជាក់ថា៖ផ្លូវដែលអាជ្ញាធរខេត្តស្ថាបនាជាបេតុងនេះស្ថិតនៅក្នុងភូមិព្រែកក្រុងស្ទឹងត្រែងមានប្រវែង៦៦៩.៥ម៉ែត្រស្ថិតនៅតាមជួរមាត់ទន្លេសេសានក្នុងក្រុងស្ទឹងត្រែងដោយចេញពីទីប្រជំជនកំពុងផែទៅដល់ព្រះរាជដំណាក់ ស្តេចនៅក្នុងក្រុងស្ទឹងត្រែងដែលត្រូវចំណាយថវិកាជាតិទាំងស្រុង៕