រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មានស្ដីពី “បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូក”


ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មានស្ដីពី “បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូក” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង៩៖៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ។

សន្និសីទសារព័ត៌មាន នឹងឡើងស្របពេលដែល ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្ត របស់កម្ពុជាចំនួន២បន្ថែមទៀត រួមមាន ៖ ទី១-ខេត្តតាកែវ និងទី២-ស្វាយរៀង ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា “សន្និសីទនេះ គឺមានទិសដៅ និងគោលបំណង ពន្យល់ឆ្លើយតបនឹងកង្វល់ របស់ប្រជាពលរដ្ឋ ដែលកំពុងផ្ដោតការយកចិត្តទុកដាក់លើបញ្ហាជំងឺប៉េស្តជ្រូក ជាមួយនឹងចំណាត់ការ និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង់ស្ថានភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ដូចជា ស្ថានភាពទូទៅ នៃជំងឺប៉េស្ដជ្រូកនៅកម្ពុជា ផលប៉ះពាល់ដែលបានបង្កឡើងនាពេលកន្លងមក វិធានការការពារ និងទំប់ស្ដាត់ពីការឆ្លងជំងឺ”។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៨ កក្កដា នេះ ខេត្តរបស់កម្ពុជាចំនួន៤ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ រួមមាន ៖ ទី១-ខេត្តរតនគិរី ,ទី២-ត្បូងឃ្មុំ ,ទី៣- ស្វាយរៀង និងទី២- តាកែវ​