ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន ជាពិសេសសំរាមនៅក្នុងក្រុងឲ្យបានស្អាត


ខេត្តព្រះស៊ីហនុ៖ ដើម្បីសម្រេចគោលបំណងនេះ អភិបាលខេត្ដព្រះសីហនុ បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន ជាពិសេសសំរាមនៅក្នុងក្រុងឲ្យបានស្អាតល្អឲ្យបានលឿន ដើម្បីធានាសោភណ្ឌភាពទីក្រុងទេសចរណ៍ និងបញ្ឈប់ការរិះគន់ពីសាធារណៈជន។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅ សាលប្រជុំសាលាក្រុង ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែកក្កដា គ.ស ២០១៩ ដោយមានការចូលរួមពីរដ្ឋបាលសាលាក្រុង មន្ទីរស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាមផងដែរ។

ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងពីរ គឺទី១.បញ្ហាសំណល់រឹង (សំរាម) និងទី២.យុទ្ធការសំអាតអនាម័យបរិស្ថានក្រុងនៅចុងសប្តាហ៍នេះ ដោយត្រូវធ្វើយ៉ាងណាឲ្យទីក្រុងគ្មានសំរាមគរដូចភ្នំទៀតទេ (ទីក្រុងត្រូវតែស្អាត!)។

កិច្ចពិភាក្សាថ្ងៃនេះ ត្រូវរៀបចំផែនការ និងភារកិច្ចទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដើម្បីពន្លឿនការគ្រប់គ្រប់ប្រមូលកាកសំណល់រឹង (សំរាម) ទាំងពីរប្រភេទ គឺសំរាមសំណល់ផ្ទះបាយ និងសំរាមសំណល់សំណង់ ហើយក៏
និយាយអំពីក្រុមហ៊ុនប្រមូលសំរាមទាំងពីរដែរ គឺក្រុមហ៊ុនប្រមូលសំរាមផ្ទះបាយ និងក្រុមហ៊ុនប្រមូលសំរាមសំណង់។
អភិបាលក្រុង ត្រូវទទួលខុសត្រូវចំពោះការប្រមូលថវិកា និងបង់ថ្លៃសេវាកម្មប្រមូលសំរាមទៅឲ្យក្រុមហ៊ុន និងក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះការប្រមូលសំរាមទៅចាក់នៅទីលានសំរាម។

ទន្ទឹមនឹងនោះដែរ រដ្ឋបាលក្រុង និងក្រុមហ៊ុន ត្រូវបន្ដផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ និងចូលរួមសហការក្នុងការបង់ថ្លៃសេវាប្រមូលសំរាម ក៏ដូចជាវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយរៀបចំតារាងពេលវេលាបញ្ចេញសំរាមឲ្យបានច្បាស់លាស់ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងទេសចរណ៍ និងសម្រួលដល់ការប្រមូលសំរាមបានទាន់ពេលវេលាប្រកបដោយជោគជ័យ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និយាយថា រយៈពេលប្រមាណ ៣ឆ្នាំនេះ ខេត្ដ ក្រុងព្រះសីហនុ មានការអភិវឌ្ឍកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យបញ្ហានានាក៏កើតមានច្រើនដែរ ជាពិសេសសំរាម មានការកើនឡើងខ្លាំង កាលពីឆ្នាំ២០១៧ សំរាមមានតែ ១២០តោនប៉ុណ្ណោះ ក្នុង១ថ្ងៃ បន្ទាប់មកឆ្នាំ២០១៨ កើនឡើងពី ២៥០ ដល់ ៤០០តោន ក្នុង១ថ្ងៃ មកដល់បច្ចុប្បន្នឆ្នាំ២០១៩នេះ បន្ដកើនឡើងថែមទៀតពី ៦០០ ដល់ ៨០០តោន (អត្រាកើនឡើងប្រមាណ ៦០០%)។

កន្លងមកនេះ រដ្ឋបាលក្រុង និងក្រុមហ៊ុន បានខិតខំប្រឹងប្រមូលសំរាមដែរ ប៉ុន្ដែធ្វើមិនទាន់ ដោយសារមធ្យោបាយប្រមូលនិងដឹកជញ្ជួនរបស់ក្រុមហ៊ុននៅមានកម្រិត ខ្វះកំលាំមនុស្ស និងក្រុមហ៊ុនមិនទាន់ចុះកិច្ចសន្យាជាមួយរដ្ឋបាលក្រុងនៅឡើយ ដែលធ្វើឲ្យក្រុមហ៊ុនមិនទាន់មានទំនុកចិត្ដពិបាកនឹងពង្រីកបន្ថែមមធ្យោបាយ និងបន្ថែមនុស្សសម្រាប់ការងារនេះ។
កត្ដាទាំងបីនេះ រួមទាំងជាប់បណ្ដឹងរបស់ក្រុមហ៊ុន ស៊ីនទ្រី ផងនោះ ដែលធ្វើឲ្យការចុះកិច្ចសន្យា (កុងត្រា) មិនអាចធ្វើទៅបាននោះ។

ចំពោះបញ្ហាចោទខាងលើនេះ លោក ដេវីដ តំណាងក្រុមហ៊ុនប្រមូលសំរាមខេត្ដព្រះសីហនុ KMWS ក៏បានទទួលស្គាល់នូវបញ្ហាខាងលើនេះដូចអភិបាលក្រុងបញ្ជាក់ដែរ ហើយលោក ក៏បានលើកឡើងបន្ថែមពីបញ្ហាប្រឈម ដែលក្រុមហ៊ុនជួបប្រទះផងដែរថា បញ្ហាឡាន និងមនុស្ស មិនទាន់គ្រប់ចំនួនតាមតម្រូវការ បញ្ហាផ្លូវក្នុងក្រុងតូចៗពិបាកចូលប្រមូលយកសំរាម ផ្លូវដឹកចេញពីក្រុងមានការកកស្ទះចរាចរណ៍ ទីលានចាក់សំរាមពិបាកចូលចាក់នៅរដូវភ្លៀង ជាដើម។ល។
ប៉ុន្ដែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន នឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រមូលសំរាមនេះឲ្យបានជោគជ័យ ក្នុងនោះក្រុមហ៊ុន ក៏បានបញ្ជាទិញឡានដឹកសំរាមចំនួន ១០០គ្រឿងថែមទៀត និងបន្ដរៀបចំនូវប្រតិបត្ដិការឲ្យបានល្អ។
លោក ក៏បានស្នើសុំឲ្យមានការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទើបក្រុមហ៊ុនអាចដំណើរការសេវាកម្មប្រមូលសំរាមនេះបានជោគជ័យ៕