ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កាពង្រឹង និងស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាពខ្ពស់ពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ


(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅខេត្តព្រះសីហនុ គឺវាពិតជាការចាំបាច់ណាស់ ព្រោះថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹង និងពង្រីក ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យ គឺធ្វើផ្លូវឱ្យបានមាំ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការមន្ទីរប្រមាណ ១៣៦នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបន្តទៀតថា គម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវអនុវត្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួនមានដូចជា៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែមឱ្យសមស្របតាមការរីកចម្រើនលើវិស័យដឹកជញ្ជូនរបស់ប្រទេសជាតិ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ទន្ទឹមនឹងការងារសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានតួនាទីផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់អនុវត្តអនុសាសន៍ទាំង១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន រួបរួមសាគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រ ឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត៕