អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំអត្តសញ្ញាណកម្មដីរដ្ឋ និងចុះផ្ទាល់ ដល់ដីដែលត្រូវសម្បទានសង្គមកិច្ច ឲ្យប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកក្រគរ


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការធ្វើអត្តសញ្ញាណកម្មដីរដ្ឋ ដែលមានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា (សជណ) ក្នុងគោលបំណងផ្តល់សម្បទានដីសង្គមកិច្ច សម្រាប់ប្រជាពលដ្ឋក្រីក្រ នៅក្នុងស្រុកក្រគរ ដែលមានទំហំផ្ទៃដីសរុប ៥,៤០១ហិកតា ស្ថិតក្នុងឃុំអន្សាចំបក់ និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាស្រុកក្រគរ ដោយបានការចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុកកិច្ចការដីធ្លី ក្រុមការងារចុះជួយស្រុក ឃុំ លោកប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត គណៈអភិបាលស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានណែនាំដល់ក្រុមការងារ ត្រូវចុះសិក្សាឲ្យបានត្រឹមត្រូវ និងឲ្យអាជ្ញាធរ ឃុំ ស្រុក ដែលមានការពាក់ព័ន្ធ ជួយរក្សាទុកដីនេះឲ្យបានគង់វង្ស និងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅកាប់ទន្ទ្រានជាដាច់ខាត។ លើសពីនេះទៅទៀត ចំពោះអ្នកចូលរួមឃុបឃិត និងអ្នកចូលទៅកាប់ទន្ទ្រានដីថ្មី ត្រូវមានវិធានការជាបន្ទាន់ ដោយគ្មានការលើកលែង។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមបានបន្តចុះទៅដល់ទីតាំងដីជាក់ស្តែង នៅលើគោលដៅដីនីមួយៗ ដើម្បីពិនិត្យ និងផ្តល់គោលការណ៍អនុវត្តទាំងផ្លូវច្បាប់ និងផ្លូវបច្ចេកទេស លើទិដ្ឋភាពជាក់ស្តែងនៃដី ដោយមានការបោះបង្គោល ឈូសឆាយកំណត់ព្រំ និងឆ្វៀលដីផលប៉ះពាល់ រួមទាំងដាក់ផែនការយ៉ាងតឹងរឹង លើមុខសញ្ញារុករានដីថ្មី។ ជាមួយគ្នានោះ ឯកឧត្តមក៏បានបន្តចុះសម្របសម្រួល ទំនាស់ដីធ្លីរវាងបងប្អូនបង្កើត នៅលើដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ជាលក្ខណៈគ្រួសារ ដោយទទួលបានជោគជ័យ និងឈ្នះៗទាំងអស់គ្នាផងដែរ៕