កិច្ចប្រជុំ​ គណៈកម្មការ​ខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដេីម្បីកាត់បន្ថយភាពក្រីក្រ


ថ្ងៃ​អង្គារ​ ៨កើត​ ខែ​អាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ រដ្ឋបាល​ខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំ​ គណៈកម្មការ​ខេត្ត​ លុបបំបាត់ឱសថក្លែងក្លាយ​ និងសេវាសុខាភិបាល​ខុសច្បាប់​ ដើម្បីកាត់បន្ថយភាពក្រីក្រ ដឹកនាំដោយ​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការ និងអ្នកពាក់ព័ន្ធជាច្រេីនទៀត។

ក្រោយពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំរួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១. មន្ទីរសុខាភិបាលត្រូវពង្រឹង ការត្រួតពិនិត្យ ទីតាំងការបើកលក់ឱសថ និងសេវាសុខាភិបាលផ្សេងៗ ឲ្យស្របតាមគោលការណ៍ច្បាប់

២. មន្ទីរសុខាភិបាល សហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងឱសថស្ថាន និងសេវាសុខភាពផ្សេងៗ ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ ដើម្បីបញ្ឈប់ឱសថក្លែងក្លាយ និងរាយការណ៍ជាបន្ទាន់ដើម្បីលុបបំបាត់ការលក់ផលិតផលអាហារបំប៉ន

៣. មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ករណីពិនិត្យឃើញទីតាំងណាមួយខុសច្បាប់ត្រូវចាត់ចែងតាមនីតិវិធីច្បាប់

៤. មន្ទីរសុខាភិបាល ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះបាញ់ថ្នាំមូសនៅតាមសាលាមត្ដេយ្យ និងបឋមសិក្សា និងដាក់អាបេតកម្ចាត់ចៃទឹក

៥. រដ្ឋបាលក្រុង ស្រុក សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យតាមដាន និងរាយការណ៍ និងចាត់វិធានការចំពោះទីតាំងសេវាសុខាភិបាលឯកជន ទាំងឱសថស្ថាន អ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ និងរៀបចំបង្កើតអនុគណៈកម្មការ ថ្នាក់ក្រុង ស្រុក

៦. មន្ទីរសុខាភិបាល និងអនុគណៈកម្មការក្រុង ស្រុក ត្រូវប្រជុំរាល់ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឲ្យបានទៀងទាត់ ដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងបូកសរុប​របាយការណ៍ជូនក្រសួងសុខាភិបាល ៕