កិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ នៅទឹកដីសៀមរាបអង្គរ


ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារបុរីអង្គរ បានរៀបចំកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខានៃក្រសួងធនធានឧស្សាហកម្ម និងទេសចរណ៍។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានលើកឡើងផងដែរ អំពីសក្តានុពលរបស់ខេត្ត សៀមរាប លើវិស័យទេសចរណ៍ ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប រួមទាំងរមនីយដ្ឋានធម្មជាតិ ព្រមទាំងបាន បញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៍របស់ខេត្តផងដែរ ។
តាមរបាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០១៨ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ១៣៥លាននាក់ កើនឡើង ៧.៦%។

ក្នុងកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីការហោះហើរត្រង់បន្ថែមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផងដែរ ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs)។

តាមការអំពាវនាវនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីតែងតែជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ឲ្យចូលរួមជម្រុញនូវកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិនោះឡើយ ដោយឯកឧត្តមតែងតែលើកទឹកចិត្ត ឲ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញការតភ្ជាប់ការហោះហើរត្រង់ពីបណ្ដាប្រទេសគោលដៅនានាជារឿយៗ ។ ក្នុងពិធីបើកកិច្ចប្រជុំ ASEAN NTOs នេះទៀតសោត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន បានឆ្កឹះអំពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជម្រុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឲ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឲ្យទទួលបានកំណើនជាមធ្យម ៤% ក្នុងមួយឆ្នាំ និងជម្រុញឲ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្តបានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្លឹងឃើញពីសក្ដានុពលនៃ «ទេសចរណ៍ម្ហូបអាហារ» យូរមកហើយ ដោយក្នុងកិច្ចប្រជុំខាងលើនេះដែរ លោកបានជម្រុញឲ្យអង្គប្រជុំ ASEAN NTOs រួមគ្នាពិភាក្សាពីចំណុចដ៏សំខាន់មួយនេះ សំដៅធ្វើយ៉ាងសម្រេចឲ្យបាននូវ «ស្ដង់ដាទេសចរណ៍ម្ហូបអាហារអាស៊ាន» នេះឲ្យបាន។ ដោយសារតែនៅតំបន់អាស៊ានសម្បូរទៅដោយធនធានធម្មជាតិ វប្បធម៌រូបិយ-អរូបិយ ដែលអំណោយផលដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ឲ្យក្លាយទៅជាផលិតផលដ៏ល្អឯក និងផ្ដល់នូវការចងចាំដ៏ជក់ចិត្តដល់ទេសចរ ដូច្នេះហើយបានជាឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជម្រុញលើកទឹកដល់ប្រទេសសមាជិកអាស៊ាន ត្រូវធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ឲ្យបានច្រើន ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាកើនឡើងកាន់តែច្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ ដែលបានតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដែលនេះជាការរួមចំណែកដល់ការជម្រុញចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក ។

សូមជម្រាបថា កិច្ចប្រជុំ ASEAN NTOs ខាងលើ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០១៩ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុងក្របខណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ ៕