ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)


នារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មដីក្រហម និងអាចម៍ដី លើ ផ្ទៃដីទំហំ ៣០០ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ព្រែកអំពិល ភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ខូ អិលធីឌី (ម្ចាស់គម្រោង) ។

ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹង បញ្ហា សំខាន់ៗមួយចំនួនដូចជា៖

១. អង្គប្រជុំគាំទ្រគម្រោងអាជីវកម្មដីក្រហម និងអាចម៍ដីនេះ ដើម្បីចូលរួមអភិវឌ្ឍ វិស័យ សំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ

២. ក្រុមហ៊ុនត្រូវអនុវត្តតាមវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសង្គមដែលបានលើកឡើងក្នុងរបាយការណ៍នេះ

៣. បញ្ហាការបំពុលខ្យល់៖ ក្រុមហ៊ុនត្រូវរៀបចំផ្លូវដឹកជញ្ជូនចេញពីការដ្ឋានជាផ្លូវបេតុង ត្រូវគ្របតង់ និងលាងកង់រថយន្តឱ្យស្អាត មុននឹងដឹកចេញពីទីតាំងគម្រោង

៤. បញ្ហាការបំពុលគុណភាពទឹក៖ ក្រុមហ៊ុនត្រូវរៀបចំប្រឡាយព័ទ្ធជុំវិញការដ្ឋាន និង ស្រះ ស្តុកទឹករងកករ ដោយធានាសមត្ថភាពស្តុកទឹក ចៀសវាងហូរនាំកករល្អក់ចូលទៅ ក្នុងប្រភពទឹកសាធារណៈ ពិសេសត្រូវគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទឱ្យបាន ត្រឹមត្រូវតាមបទដ្ឋានបរិស្ថាន ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត

៥. បញ្ហាដឹកជញ្ជូន៖ ក្រុមហ៊ុនត្រូវអប់រំអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយ មិនត្រូវដឹកលើសទម្ងន់កំណត់ មានបណ្ណបើកបរត្រឹមត្រូវ

៦. ក្រុមហ៊ុនត្រូវអប់រំបុគ្គលិក-កម្មករ ហាមប្រព្រឹត្តបទល្មើសព្រៃឈើ-សត្វព្រៃ ព្រោះ តំបន់នេះ នៅក្បែរឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”

៧. បញ្ហាដីធ្លីក្រុមហ៊ុនត្រូវចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ ហើយក្រុមហ៊ុនត្រូវធ្វើ អាជីវកម្ម លើ ផ្ទៃដីដែលពុំមានពាក់ព័ន្ធបញ្ហាដីធ្លី

៨. នៅដំណាក់កាលបញ្ចប់គម្រោង ក្រុមហ៊ុនត្រូវធានាធ្វើត្រឹមរយៈកម្ពស់ ១៥ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ រួចដាំដើមឈើឡើងវិញ ដើម្បីការពារទេសភាព និងសោភ័ណភាព

៩. ក្រុមហ៊ុនត្រូវកែសម្រួលរបាយការណ៍ទៅតាមមតិយោបល់របស់មតិអង្គប្រជុំ ដែលបាន លើកឡើង។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មាន ការចូលរួម ពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង បរិស្ថាន តំណាង មកពីក្រសួង រ៉ែ និងថាម ពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងសាធរណការ និងដឹកជញ្ជូន ក្រសួង ធនធានទឹក និង ឧតុនិយម ក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រដ្ឋបាល ខេត្តកំពត មន្ទីរ បរិស្ថាន ខេត្តកំពត នាយកដ្ឋាន វាយតម្លៃហេតុប៉ះ ពាល់ បរិស្ថាន នៃ ក្រសួង បរិស្ថាន អង្គការ DPA តំណាង ម្ចាស់ គម្រោង និងក្រុមហ៊ុន ទីប្រឹក្សា ផងដែរ។