សម្ដេចភក្ដី អញ្ជើញ ជាអធិបតី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្ដីពីក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ( CSDGs )


ព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៩នៅម៉ោង៨ .៣០នាទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែង សុន្ទរកថាបើកសិក្ខាសាលាស្ដីពីក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ( CSDGs ) ឆ្នាំ២០១៦- ២០៣០ ។
សិក្ខាសាលានេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់ សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបានដោយជាក់ស្តែងនូវព័ត៌មាន និងចំណេះដឹងថ្មីៗ ទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការកសាងសមត្ថ-ភាពដែលផ្តល់ដោយអង្គសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចចិត្តនៅពេលព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យ ពិភាក្សា អនុម័តច្បាប់ថវិកា និងច្បាប់នានាពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាងនេះទៅទៀត ក្នុងឋានៈជាតំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក សមាជិកាព្រឹទ្ធសភា អាចយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា
ឱ្យសម្រេចបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល៕