ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ក្នុងវត្តអារាមទាំង២៩វត្ត នៅទូទាំងខេត្ត


មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២៩វត្ត នៅទូទាំងខេត្តមណ្ឌលគិរី ពិធីនេះប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការនាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ មកប្រគេនព្រះសង្ឃនេះ ត្រូវបានធ្វើឡើងនៅគ្រប់វត្តអារាមនៅទូទាំងខេត្ត ពីព្រោះព្រសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅទីណាបានទេក្នុងរយៈពេលបីខែនេះ។ ឯកឧត្តម បានបន្តថា ពិធីបុណ្យចូលព្រះវស្សានេះ ពុទ្ធបរិស័ទតែងតែនាំយក ទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាការចែករំលែកនូវការខ្វះខាតរបស់ព្រះសង្ឃនៅក្នុងវត្តអារាម និងការលើកតម្កើងប្រជាពលរដ្ឋអោយចេះធ្វើបុណ្យទានអោយបានច្រើន ដើម្បីចូលរួមចំណែកការកសាង សមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យមានរីកចំរើនរុងរឿងផងដែរ។ ឯកឧត្តម ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបន្តថែរក្សា ជំនឿ ប្រពៃណី ទំនៀមទំលាប់ និងសមិទ្ធផលនានាគ្រប់វិស័យ ដែលបានកសាងកន្លងមកនេះអោយបានយូរអង្វែងជាបន្តទៀត។ ម្យ៉ាងទៀត ក៏សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាបន្តថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មាការគ្រប់វត្តអារាម និងពុទ្ធបរិស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះ អគ្គីភ័យដែលអាចកើតមានដោសារតែការដុត ធូប ទៀន បំភ្លឺនៅក្នុងទីវត្តអារាម ក្នុងឱកាសចូលព្រះវស្សានេះ ដើម្បីអោយព្រះសង្ឃសម្តែងព្រះធម៌ និងសិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗទៀត។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត បានប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ព្រះសង្ឃទាំងចំនួន២៩វត្តនេះ រួមមាន៖ ក្នុង១វត្ត ទទួលបាន ទៀនព្រះវស្សា១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យ៨០ម៉ឺនរៀល លោកតាអាចារ្យចំនួន៣៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៧ម៉ឺនរៀល ចំណែក យាយជី តាជី ចំនួន១២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕