​ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់មានគម្រោងបញ្ចេញថវិកា សម្រាប់ជួយកសិករទេ


ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់មានគម្រោងបញ្ចេញថវិកា សម្រាប់ជួយកសិករ ឬម្ចាស់ការរដ្ឋានចិញ្ចឹមជ្រូកដែលខាតបង់ដោយសារជំងឺប៉េស្ដជ្រូកឡើយ ក៏ប៉ុន្ដែ រាជរដ្ឋាភិបាល ក៏មិនទុកបញ្ហាទាំងនេះចោលនោះទេ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ស៊ីផាន រៀបរាប់ថាការចិញ្ចឹមជ្រូកចែកចេញជា២ដំណាក់កាលរួមមាន ៖ ដំណាក់កាល ទី១- ចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ (គឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ,ដំណាក់កាលទី២-ចិញ្ចឹមជ្រូកតាមបែបវិស័យឧស្សាហកម្ម (បើសិនជួបបញ្ហាអ្វីមួយ ពួកគេនឹងដោះស្រាយដោយខ្លួនឯង)។

ឯកឧត្តមមានប្រសាសន៍ថា “រាជរដ្ឋាភិបាល មិនលូកដៃនៅក្នុងសាច់រឿងហ្នឹងទេ ដូច្នេះនៅតែលើកទឹកចិត្តដោយអ្នកចិញ្ចឹមជ្រូកតាមទិដ្ឋភាពជារូបភាពនៃគ្រួសារ។សូមមេត្តាទាក់ទង ឲ្យបានជិតស្និទជាមួយមន្ដ្រីកសិកម្មរបស់យើង ដើម្បីការពារផលប្រយោជន៍ ក្នុងការចិញ្ចឹមនេះឯង”។

អ្នកនាំពាក្យបន្ថែមថា “ដូច្នេះក្នុងដំណាក់កាលនេះយើងអត់ទាន់មានគម្រោង ក្នុងការជួយងថចែករំលែក នូការបង់ខាតរបស់អ្នកចិញ្ចឹមក្នុងគ្រួសារនោះទេ។ ប៉ុន្ដែក៏មិនមានន័យថា ដាច់ណាត់យើងមិនធ្វើទេ នេះជាការសម្រេចចិត្តជានយោបាយប៉ុន្ដែតាមគោលការណ៍ច្បាប់យើងអត់មានទៅជួយរំលែកក្នុងការខូចខាតនោះទេ”។

ចំណែកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានលើកឡើងថា ជ្រូកជាង៧៩៨ក្បាល ត្រូវបានសម្លាប់ ដោយសារតែកើតជំងឺប៉េស្តជ្រូក។ចំណែក តាមការវាយតម្លៃជាមធ្យមជ្រូកដែលសម្លាប់នេះមួយក្បាលខាតបង់ ២០០ដុល្លារ ផងដែរ។

លោកបញ្ជាក់ថា“ហើយក្នុងពេលបច្ចុប្បន្ននេះសាច់ជ្រូកនៅតែល្អនៅឡើយទេ។បើតាមអ្វីដែលខ្ញុំទទួលបានរបាយការណ៍ពីមន្ដ្រីរបស់ខ្ញុំ គឺនៅតម្លៃ១១០០០រៀល នៅឡើយ មិនទាន់មានបញ្ហាអីនោះទេ”។

ឯកឧត្តមបន្ដថា ឥឡូវនេះភាគីពាក់ព័ន្ធទាំងអស់ បានរួមគ្នាទប់ស្កាត់កុំឲ្យ ជំងឺប៉េស្ដជ្រូក រីករាលទៅតំបន់ផ្សេងៗទៀត។

ឯកឧត្តមថា នៅតាមកសិកដ្ឋានចិញ្ចឹមសត្វមួយចំនួន ពួកគាត់មិនយល់ តើការចម្លងជំងឺប៉េស្តជ្រូក យ៉ាងម៉េច? ដូច្នេះភាគីទាំងអស់បានចុះផ្សព្វផ្សាយជាបន្ដបន្ទាប់។

ឆ្លៀតឱកាសនោះដែរ លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បាននិយាយថា ជំងឺប៉េស្តជ្រូកជាជំងឺឆ្លងរាតត្បាតធ្ងន់ធ្ងរបង្កដោយវីរុសឆ្លងរាលដា លយ៉ាងឆាប់រហ័ស នៅលើសត្វជ្រូកគ្រប់ប្រភេទតាមរយៈការចម្លងផ្ទាល់រវាងជ្រូកស្រុក និងជ្រូកស្រុក ជ្រូកស្រុក និងជ្រូកព្រៃ ឬ ដោយប្រយោល វីរុសអាចរស់នៅបានយូរក្នុងសាច់ជ្រូក ផលិតផលសាច់ជ្រូក។

ឯកឧត្តមថា មេរោគអាចរស់នៅក្នុងពពួកដង្កែទន់បានយូរដែលបង្កជាភាពសាំញ៉ាំនៃការចម្លងរោគ និងធ្វើឲ្យមានការលំបាកលុបបំបាត់ជំងឺបានទាំងស្រុង ពេលខ្លះអាចចំណាយរយៈពេលពី២០ ទៅ៣០ឆ្នាំ នៅបណ្តាប្រទេស ជឿនលឿនមួយចំនួន។

សូមរំលឹកថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅប្រទេសវៀតណាម កំពុងគំរាមកំហែងដល់ទីផ្សារជ្រូក នៅកម្ពុជា ខណៈមន្ត្រីជំនាញបានអះអាងថាជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺមិនឆ្លងដល់មនុស្សឡើយ។

សូមបញ្ជាក់ថា រហូតមកដល់ពេល នេះ ខេត្តរបស់កម្ពុជាចំនួន៥ហើយ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ រួមមាន ៖ ខេត្តរតនគិរី ,ត្បូងឃ្មុំ , ស្វាយរៀង តាកែវនិងកណ្ដាល៕