អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឈើឆ្លងកាត់ស្ទឹង៤កន្លែង និងសមិទ្ធផលនានា


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឈើឆ្លងកាត់ស្ទឹង៤កន្លែង និងសមិទ្ធផលនានាជាច្រើនទៀត ដែលមានតម្លៃជិត២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិពោធិ៍របង ភូមិពោធិ៍កុដ ភូមិចេកចៅ ភូមិកំពង់ឡ ភូមិរលួសខាងកើត ភូមិរលួសកណ្តាល និងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដែលសមិទ្ធផលទាំងអស់នេះ ទទួលបានមកតាមរយៈក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំ ស្រុក។

ពិធីនេះត្រូវបានធ្វើឡើង នៅក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ ក្បែរស្ពាន ស្ថិតក្នុងភូមិពោធិ៍កុដ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ ក្រុមការងារចុះជួយ ឃុំ ស្រុក និងប្រជាពលរដ្ឋ ជិត១ពាន់នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកអំណោយជានិម្មិតរូប ជាសាប៊ូ និងថ្នាំសង្កូវ ជូនប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធី និងបានប្រគេនទេយ្យទាន ទៀនវស្សា សម្ភារបរិក្ខា និងបច្ច័យ ជូនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ៕