ឯកឧត្តម លន់ លឹមថៃ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា


ខេត្តកំពង់ចាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦–មន្ទីរបរិស្ថានរួមជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងកំពង់ចាម បានប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើទីលានសាធារណៈត្រង់ចំណុចរូបសំណាកកំពង់រង់ចាំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីពិភព លោកស្រស់ស្អាត» ដើម្បីដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កម្មករ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យនឹកឃើញនូវភាពស្អាតជានិច្ចហើយទាំងអស់គ្នាចូលរួមធ្វើឱ្យ ទីប្រជុំជន និងជនបទប្រកបដោយភាពអនាម័យ នោះប្រជាពលរដ្ឋ ទទួលបាននូវសុខភាពល្អ។
ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិតទុកដាក់ខ្ពស់ការងារបរិស្ថានដើម្បីសុខុមាលភាពប្រជាពលរដ្ឋបានជំរុញ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ កម្មករ ព្រះសង្ឃ និងសិស្សានុសិស្សត្រូវបង្កើននូវបរិស្ថានស្រស់ស្អាតគ្រប់ទីកន្លែង។
ឯកឧត្តម លន់ លឹមថៃ បានបញ្ជាក់ថា ខេត្តកំពង់ចាម ត្រូវបានចាត់ទុកជាខេត្តមានបរិស្ថាន និងអនាម័យល្អ ដោយទីក្រុងទីប្រជុំជនត្រូវបានភ្ញៀវជាតិ និងអន្តរជាតិកោតសរសើរជាទីក្រុងបៃតងប្រកបដោយបរិស្ថាន អនាម័យល្អនិងមានសោភណភាពស្រស់បំព្រងពណ៌បៃតងគ្រប់រដូវ។
នេះជាមោទនភាពក្រុង កំពង់ចាម មិនត្រឹមតែចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងបាន ប្រឡងប្រណាំងទីក្រុងស្អាតក្នុងតំបន់អាស៊ាន​ ដែលមាន១១ប្រទេសចូលរួមដូចនេះ ត្រូវបន្តរួមគ្នា​ចូលរួមធ្វើឱ្យទីក្រុងរបស់យើងស្អាត ទទួលបានជ័យលាភី ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត​កាន់តែច្រើន​ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា មនុស្សយើងគ្រប់រូបមានសិទ្ធិសេរីភាព​​​ ទទួលយកពីធម្មជាតិនូវខ្យល់បរិសុទ្ធ មានទឹកស្អាតសម្រាប់ទទួលទាន និងមានសមធម៌ ក្នុងការបែងចែកភោគផលពីធម្មជាតិដូចនេះយើងម្នាក់ៗ ត្រូវតែចូលរួមអនុវត្តន៍វិធានការ ការពារថែរក្សាបរិស្ថាន ទាំងគុណភាពនិងបរិមាណ ហើយត្រូវចាត់ទុកថា កិច្ចការពារបរិស្ថាន ជាភារកិច្ចរបស់យើងទាំងអស់គ្នា។
ការរៀបចំប្រារព្ធពិធីនេះជាការក្រើនរម្លឹក និងជាសកម្មភាពគំរូមួយដល់បងប្អូន ជនរួមជាតិទាំងអស់ និងបន្តអប់រំ ផ្សព្វផ្សាយ និងអនុវត្តន៍នូវគោលការណ៍ស្អាត៣បីប្រការនោះ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីសុខភាពល្អរបស់ប្រជាពលរដ្ឋ៕