ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាលខេត្តមួយចំនួនមកធ្វើការប្រជុំជាមួយនឹងមន្រ្តីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


នៅព្រឹកថៃ្ងចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB and WB MOWRAM ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ធ្វើការប្រជុំជាមួយនឹងមន្រ្តីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំដើមត្នោត។

ក្នុងអង្គប្រជុំខាងលើនេះក៏នៅមានការអញ្ជើញចូលរួមផងដែរពីមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការណ៍អន្តរជាតិ និងគ្រប់គ្រងបំណុលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តំណាងអគ្គិសនីកម្ពុជា EDC

ការប្រជុំនេះមានគោលបំណងធ្វើការត្រួតពិនិត្យលើលទ្ធផលដែលសម្រេចបានក្នុងពេលកន្លងមកពីការអនុវត្តគម្រោងរបស់រាជរដ្ឋាភិបាលសាច់ប្រាក់ពលកម្មសម្រាប់ជីកប្រឡាយជើងក្អែបនាំទឹកបញ្ចូលដល់ស្រែរបស់បងប្អូនប្រជាកសិករ បានចំនួន សរុប ១៣២៧ អនុគម្រោង និងដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត និងយន្តការអនុវត្តបន្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំសហការយ៉ាងជិតស្និតជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាដៃគូរអភិវឌ្ឍន៍ដ៏ទៃទៀតធ្វើការអនុវត្តកម្មវិធីគម្រោងខាងលើនេះធ្វើការនាំទឹកដល់ស្រែរបស់បងប្អូនប្រជាកសិករ ដែលជាសមាជិករបស់ សកបទ របស់ខេត្តទាំង១២ ខាងលើនេះឲ្យទទួលបានប្រាក់ចំណូលពីការជីកប្រឡាយជើងក្អែបខាងលើ ហើយបានទឹកដល់ស្រែរបស់បងប្អូន សកបទ ទាំងអស់ ដែលជាហេតុធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាកសិករទាំងនោះមានការកែលំអ និងកើនឡើងជាលំដាប់។

ក្នុងអង្គប្រជុំព្រឹកមិញនេះផងដែរ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ធ្វើសំណូមពរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចតទៅៈ

១.ធ្វើការបង្កើននៅប្រាក់ចំណូលជូនដល់បងប្អូនប្រជាកសិករដែលបានស្មាក់ចិត្តធ្វើការជីកប្រឡាយជើងក្អែប ឲ្យបានដល់ ២០០០០ រៀលក្នុង១មែត្រគូប។
២.ធ្វើការបង្កើនភាគរយនៃការជួយអន្តរាគមន៍ជីកដោយគ្រឿងចក្រឲ្យបានរហូតដល់ ៥០%។ ដើម្បីកាត់បន្ថយឲ្យបានច្រើនក្នុងការប្រើប្រាស់ដោយកម្លាំងពលកម្ម។
៣.ក្រសួងធនធានទឹក និងឧតុនិយម និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គិសនីកម្ពុជា ធ្វើការដំឡេីង និងធ្វើទំនើបកម្មប្រើប្រាស់ម៉ូទ័របូមទឹកដាក់ប្រព័ន្ធប្រឡាយជើងក្អែបដោយតម្លៃភ្លើងថោកនៅពេលយប់ដើម្បីទុកជូនបងប្អូនសមាជិក សកបទ ធ្វើការនាំទឹកដល់ស្រែរបស់ប្រជាកសិករដោយតម្លៃថោក ទទួលបានផលច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពលើនីតិវិធីអនុវត្ត យន្តការ និងយុទ្ធសាស្រ្តអនុវត្តគម្រោងខាងលើតាមការស្នើរបស់ក្រសួងធនធានទឹក និងឧតុនិយម ហើយយខិតខំធ្វើការសម្រួលបែបបទអនុវត្តន៍ឲ្យបានឆ្លើយតបតាមទាន់តម្រូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម និងមូលដ្ឋានទៀតផង។