កិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្ត លើការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញ-ចូលតែមួយ


ព្រឹក ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្ត លើការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញ-ចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពត ។

បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធ នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក សរុប ៤៣នាក់។

ឯកឧត្តម​ អភិបាលខេត្ត​ បានធ្វេីការបូកសរុប​ និងដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្តមួយចំនួនមានជាអាទ៍៖

-រាល់ការស្នេីសុំសេវា​ ត្រូវអនុវត្តតាមនីតិវិធី​អង្គភាពច្រកចេញចូលតែមួយ​ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង​ ស្រុក។
-មន្ទីរ​ អង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ការទទួលសេវា​ ហេីយប្រគល់សេវាមកអនុវត្តនៅអង្គភាពចេញចូលតែមួយខេត្ត។
-ការសាងសង់សំណង់គ្រប់ប្រភេទ​ត្រូវមានច្បាប់អនុញ្ញាត​ ហេីយត្រូវត្រួតពិនិត្យការសាងសង់​ ធានាអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
-ក្រុង​ ស្រុកត្រូវធ្វេីរបាយការណ៍មកខេត្តអំពីក្រុមហ៊ុនដែលបានជីករណ្តៅដី​ កាយក្រួសក្រហម​ និងធ្វេីអាជីវកម្មរ៉ែ​ ដេីម្បីងាយស្រួលត្រួតពិនិត្យបង់សួយសារចូលថវិកាជាតិ។

ឯកឧត្តម​ បានកំណត់រយៈពេលបីខែម្តង​ ដេីម្បីរៀបចំកិច្ចប្រជុំ​ តាមដានការអនុវត្តនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាព​ច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង​ ស្រុក​ ទូទាំងខេត្ត៕