ថ្ងៃចូលព្រះវស្សាត្រូវនឹងថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទៀនព្រះវស្សា និងទេយ្យទាន រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងទីអារាមវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមប្រពៃណីព្រះពុទ្ធសាសនា។
បន្ទាប់ពីវេរប្រគេនទៀនព្រះវស្សា និងគ្រឿងលំដាប់ព្រះវស្សាដល់ព្រះសង្ឃរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញអុជទៀនធូបនៅមុខព្រះអង្គធំក្នុងព្រះវិហារ និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការទាំង ៧សណ្តានផងដែរ៕