អាជ្ញាធរជាតិអប្សរាកំពុងស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីសម្រួលលំហូរទឹកនារដូវវស្សា


ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្ត ដោយការងារនេះធ្វើឡើងក្នុងបំណងដើម្បីសម្រួលលំហូរទឹក មុនរដូវវស្សាមកដល់។

នារដូវប្រាំងកន្លងមកនេះ ប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងបរិវេណប្រាសាទអង្គរវត្តមានស្លឹកឈើជ្រុះធ្លាក់បង្កឱ្យមានកំណក និងធ្វើឱ្យស្ទះដល់ចរន្តទឹកនារដូវភ្លៀង។ ហេតុដូច្នេះហើយ ទើបក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាធ្វើការស្ដារកាយកំណកទាំងនោះចេញ។ បច្ចុប្បន្ន ការស្ដារបានធ្វើរួចរាល់ហើយនៅផ្នែកត្បូង និងផ្នែកខាងកើត ហើយក្រុមការងារកំពុងបន្តធ្វើនៅផ្នែកខាងជើង។

គួររម្លឹកថា ការងារនេះជាសកម្មភាពប្រចាំថ្ងៃរបស់នាយដ្ឋានគ្រប់គ្រងទឹក ដែលក្រុមការងារបានអនុវត្តន៍ក្នុងរមណីយដ្ឋានអង្គរ។ នារយៈពេលដើមឆ្នាំ២០១៩នេះ ក្រុមការងារបានអនុវត្តន៍នៅតាមគោលដៅមួយចំនួន ដូចជានៅភូមិរហាលកាត់តាមមុខប្រាសាទបន្ទាយក្ដី ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម។ល៕