រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គម្រោង AIMS ជួយកសិករដាំបន្លែ ដើម្បីថែស្នាមញញឹម និងបង្កើនប្រាក់ចំណូល


(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ការដាក់បញ្ចូលផលិតបន្លែសេរីរាង្គ ជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺដើម្បីថែរក្សាស្នាមញញឹម និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ នៅតាមសហគមន៍ជនបទ សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងដូច្នោះ នាឱកាសដឹកនាំមន្ត្រី ចុះពិនិត្យផលិតផលបន្លែសរីរាង្គ ដែលដាំដុះដោយប្រជាកសិករមកពីស្រុកចំនួន៥ គឺពួក, បាគង, សូត្រនិគម, បន្ទាយស្រី និងអង្គរជុំ នៅក្នុងបរិវេណពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសួនច្បារខាជើងស្ពានថ្ម ក្បែរព្រះរាជដំណាក់ក្រុងសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផលការងារ នៅក្រោមគម្រោង AIMS។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាកសិករទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនសហគមន៍ដាំបន្លែ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃកសិផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលផលិតផលបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

«ការផលិតបន្លែសរីរាង្គនេះ ក្រៅពីផ្តល់ប្រាក់ចំណូលជូនបងប្អូនហើយ ក៏ជួយធ្វើឱ្យមានសុខភាពល្អផងដែរ ព្រោះយើងដាំដុះដោយខ្លួនឯង ចំណែកឯប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ ក៏ទទួលបានសុខភាពល្អដូចគ្នា។ នៅថ្ងៃខាងមុខ យើងខ្ញុំ (ក្រសួងពាណិជ្ជកម្ម) ចង់ឃើញបងប្អូនទាំងអស់ ប្រែក្លាយពីកសិករឆ្នើម ទៅជាពាណិជ្ជករជោគជ័យ រកស៊ីកាន់តែចំណេញ មានប្រាក់កាន់តែច្រើន! នោះហើយគឺជាគោលបំណងធំ នៃគម្រោងអែម (AIMS) របស់យើង» ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់។

បន្ទាប់ពីបានត្រួតពិនិត្យ និងជួបសំណេះសំណាល ជាមួយប្រជាកសិករដាំបន្លែរួច ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដឹកនាំមន្ត្រី បន្តចុះពិនិត្យមើលផលិតផលបន្លែសេរីរាង្គ ដែលមានដាក់លក់នៅក្នុងផ្សារទំនើបអង្គរ ស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីពិនិត្យមើលអំពីរបៀបវេចខ្ចប់ និងការដាក់លក់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ បន្ទាប់ពីផ្សារនះ បានទទួលទិញពីសហគមន៍ប្រជាកសិករដាំបន្លែ នៅក្នុងស្រុកទាំង ៥ខាងលើ។