ឯកឧត្តម សៅ សុភាព ចូលរួមដាំកូនឈើនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ខេត្តកំពង់ធំ


ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមជាមួយតំណាងគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដាំកូនឈើព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ។

ឯកឧត្តម សៅ សុភាព បានលើកឡើងថា៖ នេះជាការដាំស្តារកូនឈើចំឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដែលមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។ ឯកឧត្តមបន្តថា ការដាំ និងថែររក្សាព្រៃឈើគឺជាកាព្វកិច្ចចំបងរបស់យើង ព្រោះព្រៃឈើផ្សារភ្ជាប់ជិតស្និទ្ធិទៅនឹងសេចក្តីត្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងនាំមកនូវរុក្ខជាតិបៃតង បរិស្ថានដ៍សែនមនោរម្យនៅតាមសហគមន៍របស់យើង។ ហើយព្រៃឈើមានតួនាទីសំខាន់ក្នុងការជួយថែរក្សាប្រព័ន្ឋអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាសហគមន៍ ពង្រឹងកាអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃ ធ្វើជាកម្មសិទ្ធិ និងការបរបាញ់សត្វជាដើម។ ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ រួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ និងបង្កើនគម្រប់ព្រៃឈើ ពិសេសចូលរួមចំណែក លើកស្ទួយជីវភាពប្រជាសហគមន៍ និងការអភិវឌ្ឍសហគមន៍កាន់តែប្រសើរឡើង។

គូរបញ្ជាក់ថាកូនឈើចំនួន៥០០០ដើម បានដាំ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្នុងគោលបំណង ពង្រឹងសហគមន៍ បង្កើនការយល់ដឹង និងការចូលរួមស្រឡាញ់ ថែរក្សា និងការពារធនធានធម្មជាតិ និងជីវៈចម្រុះ ជាពិសេសធានានិរន្តរភាពឥណទានការបូន ដើម្បីអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ នៅក្នុងឱកាសនេះដែរ គណៈអធិបតី បានចែកជូនមុងជ្រលក់ថ្នាំចំនួន ៣០០មុង ដល់ប្រជាសហគមន៍ ដើម្បការពារជំងឺគ្រុនចាញ់ ផងដែរ។