ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជូនដំណើរ សាសនិកឥស្លាម ១០០នាក់ទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត


ភ្នំពេញ: ព្រឹកថ្ងៃទី២១ ខែកក្កដា ២០១៩នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញអបអរសាទរ និងជូនដំណើរ បងប្អូនសាសនិកឥស្លាម ១០០នាក់ ចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជសាសនាឥស្លាម នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ការចេញដំណើរនេះនឹងមានជាបន្តបន្ទាប់ រហូតដល់ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណៈមកដល់ពេលនេះ មានអ្នកចេញដំណើរជាង ២០០ហើយ។

យោងប្រសាសន៍របស់ទេសរដ្ឋមន្រ្តីបានអោយដឹងថា ឆ្នាំនេះ កម្ពុជាមាន អ្នកទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត 1210 នាក់ ចំណាយថវិកាប្រមាណ 4,800,000 ដុល្លារអាមេរិក។ លោកបន្តថា ឆ្នាំនេះ បងប្អូនបានចុះឈ្មោះជិត1500នាក់ តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ បានអនុគ្រោះដោយបានកំណត់អោយដល់ទៅ 1200នាក់ ដោយមិនទាន់កំណត់កូតា បើតាមការកំណត់កូតា កម្ពុជាយើងមានប្រមាណតែជាង 600នាក់ប៉ុណ្ណោះ។ យើងទទួលបានទិដ្ឋាការរួចហើយ 1120នាក់ នៅសល់តែ 90នាក់ នៅដោះស្រាយបន្ត។ បងប្អូនដែលទទួលបានការឧបត្ថម្ភ ចំនួន 20នាក់ រួមមាន​ ស្តេចសាល់ម៉ាន ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត បានឧបត្ថម្ភ 10 នាក់ ជាភ្ញៀវរបស់ ព្រះអង្គ(ម្នាក់ចំណាយជិត 10,000 ដុល្លា) សប្បុរសជនតាមរយៈស្ថានទូត អារ៉ាប់រួមអេមីរ៉ាត 6នាក់ ឯកឧត្ដម កែវ រតនៈ 2នាក់ និង សមាគមពិភពនៃក្ដីមេត្តា 2នាក់។

គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែល ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៣លានអ្នក អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៩នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា រយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕