រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តគម្រោងអាហារូបត្ថម្ភកម្ពុជា


ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្ដន៍អាហារូបត្ថម្ភកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី Inguna Dobraja នាយកធនាគារពិភពលោក ប្រចាំនៅកម្ពុជា, លោក Benjamin Knoedler ភារធារីស្តីទី និងជាប្រធានសហប្រតិបត្តិការ នៃស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា, លោក Luke Arnold អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា, ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងតំណាងចូលរួមជាច្រើនទៀត ។

គម្រោងអាហារូបត្ថម្ភកម្ពុជានេះ ជាគម្រោងថ្មីដែលរៀបចំឡើង ក្នុងគោលបំណង ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ ភាពក្រិនរបស់កុមារ និងលើកកម្ពស់ស្ថានភាពសុខភាព របស់មាតាទារក និងកុមារនៅកម្ពុជា។ គម្រោងរយៈពេល៥ឆ្នាំនេះ មានការចូលរួមអនុវត្តដោយក្រសួងសុខាភិបាល និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៃក្រសួងមហាផ្ទៃ ព្រមទាំងមានការពិនិត្យ តាមដានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងរយៈពេល២ទសវត្សរ៍មកនេះ ប្រទេសកម្ពុជាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ចេញពីប្រវត្តិសាស្ត្រ ដែលមានបញ្ហាសង្គ្រាម និងរបបប្រល័យពូជសាសន៍។ សមិទ្ធផលជាច្រើនបានធ្វើឱ្យកម្ពុជា មានការផ្លាស់ប្តូរ ជាមួយគ្នានោះកំណើនសេដ្ឋកិច្ចប្រមាណ៧% ជាមធ្យមប្រចាំឆ្នាំ បានធ្វើឱ្យកម្ពុជាសម្រេចបានការរវឌ្ឍសូចនករសំខាន់ៗ ពិសេសសូចនាករដ៏ល្អប្រសើរក្នុងវិស័យសុខាភិបាល។

អត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឱ្យកត់សំគាល់ ជាហេតុធ្វើឱ្យកម្ពុជាសម្រេច បានគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៤ និងទី៥ មុនកាលកំណត់។ ប៉ុន្តែជោគជ័យដែលទទួលបាននេះ មិនធ្វើឱ្យកម្ពុជានៅទ្រឹងបានទេ កម្ពុជាត្រូវតែបន្តការប្តេជ្ញាចិត្ត ជំនះនូវបញ្ហាប្រឈមផ្សេងទៀត ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដោយ គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល «Leaving no one behind» នាឆ្នាំ២០៣០ខាងមុខ៕