សម្តេច ហេង សំរិន៖ ឆ្នាំ២០១៦ កម្ពុជាបានជម្នះបញ្ហាស្មុគស្មាញច្រើន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ


(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅក្នុងឆ្នាំ២០១៦នេះ កម្ពុជា បានជួបបញ្ហាស្មុគស្មាញច្រើន តែរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែអាចជម្នះរាល់បញ្ហាទាំងអស់នោះ ឆ្ពោះទៅរកវិថី នៃការអភិវឌ្ឍ។
សម្តេច ហេង សំរិន បានថ្លែងដូច្នេះក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤០ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលមហោស្រពមជ្ឈមណ្ឌលកោះពេជ្រ។
ថ្លែងបើកសន្និបាតបក្សសម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា កើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ហេង សំរិន បានថ្លែងថា ពេញមួយឆ្នាំ២០១៦នេះ កម្ពុជា បានទទួលសភាការណ៍ជាច្រើន ដែលមានទាំងលក្ខណៈអំណោយផល និងមានទាំងការលំបាក ស្មុគស្មាញផងដែរ តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅតែជម្នះបញ្ហាឆ្ពោះទៅរកការអភិវឌ្ឍ។
សម្តេច ហេង សំរិន បានថ្លែងដូច្នេះ «ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សភាពការណ៍ទូទៅពិភពលោក ក៏ដូចជាតំបន់មានការវិវត្តន៍ប្រែប្រួលជាខ្លាំង ទាំងផ្នែកនយោបាយ សន្តិសុខ យោធា និងសេដ្ឋកិច្ច។ ដោយឡែកសភាពការណ៍នៅកម្ពុជា ក៏មានការវិវត្តន៍គួរឲ្យកត់សម្គាល់ដោយមានទាំង លក្ខណៈអំណោយផលងាយស្រួល និងមានទាំងការលំបាកស្មុគស្មាញផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែម្ចាស់ការលើការដឹកនាំគ្រប់គ្រងប្រទេសដោយថាមពល ហើយបង្កបង្កើត បានជាឱកាសដ៏ប្រសើរសម្រាប់ដំណើរការជាតិបន្តបោះជំហានទៅមុខតាមវិថី នៃការអភិវឌ្ឍជានិច្ច ដោយមិនមានកម្លាំងអានុភាពអាក្រក់ណាមួយអាចមករារាំងបានឡើយ»។
ជាការកត់សម្គាល់ឆ្នាំ២០១៦ ជាឆ្នាំដែលគេមើលឃើញថា ស្ថានការណ៍នយោបាយហាក់មានភាពមិនល្អប្រសើរ ព្រោះគណបក្សឈ្នះ ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិមានការថ្នាំងថ្នាក់ច្រើន និងមិនបានធ្វើការជាមួយគ្នាក្រោមដំបូល សភាថែមទៀតផង។ តាមរយៈការមិនត្រូវគ្នា គណបក្សប្រឆាំងតែងបានរកវិធីសាស្រ្តជាច្រើន ដោយមានមានការពឹងពាក់សហគមន៍អន្តរជាតិផងដែរ ដើម្បីដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល។
តែទោះជាយ៉ាងណាស្ថានភាពនេះ ហាក់មានធូរស្រាលឡើងវិញនៅចុងឆ្នាំ២០១៦ បន្ទាប់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រទានការលើកលែងទោស កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
តាមរយៈការប្រទានលើកលែងទោសនេះ ប្រមុខដឹកនាំបក្សទាំងពីរ បានបង្ហាញទំនាក់ទំនងល្អនិងគ្នាឡើងវិញ ហើយតំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ ក៏បានចូលប្រជុំនៅវិមានរដ្ឋសភាវិញផងដែរ។ ក្រុមអ្នកតាមតានស្ថានការណ៍នយោបាយ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរំពឹងថា ស្ថានការណ៍ល្អប្រសើរផ្នែកនយោបាយនេះ នឹងបន្តកើតមានសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៧ ដែលឈានមកដល់ប៉ុន្មានថ្ងៃទៀតនេះ៕