ពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ


ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រះសីហនុជាច្រើននាក់ផងដែរ។

ការផ្លាស់ប្ដូរ ឬផ្ទេរភារកិច្ចនេះធ្វើឡើងដើម្បីបណ្ដុះពហុជំនាញដល់មន្ត្រី ក៏ដូចជាការបង្កើតវប្បធម៌ចែករំលែកបទពិសោធន៍រវាងមន្ត្រី និងមន្ត្រី ពីអង្គភាពផ្សេងៗ សំដៅពង្រីកចំណេះដឹងចំណេះធ្វើ និងគំនិតផ្ដួចផ្ដើមឱ្យសម្បូរបែប ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ វិស័យសាធារណការ និងដឹកជញ្ជូនជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងនិរន្តរភាព។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃរឈាម តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ ជាក់ស្ដែងខេត្តព្រះសីហនុនេះមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ដែលធ្វើឱ្យខេត្តនេះជាខេត្តប្រកបដោយសក្ដានុពលមួយ អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្តទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាខេត្តបោះជំហានទៅជាខេត្តឧស្សាហកម្ម ពាណិជ្ជកម្មដ៏មានសន្ទុះរីកចម្រើន។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ណុប ហេង ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសង្ឃឹមថា បទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវបានចែករំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៅពេលដែលលោកនឹងត្រូវទៅបំពេញការងារថ្មីនៅទីស្ដីការក្រសួង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើ លោក បុរី វង្សានិត្យ ដែលត្រូវមកជំនួសប្រធានមន្ទីរចាស់ ឱ្យខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំ មន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀតស្របតាមការរីកចម្រើនយ៉ាងគំហុករបស់ខេត្តនេះ ជាពិសេស ត្រូវបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយ ភាពកក់ក្ដៅ ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធ ភាព និងតម្លាភាព។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានក្រើនរំលឹកថា៖ ធ្វើជាមន្ត្រី មិនត្រូវមានជំងឺតួឯកឡើយ ពោលគឺត្រូវសហការគ្នាយ៉ាងស្អិតរមួតជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធនៅជុំវិញខេត្ត ដើម្បីអនុវត្តផែនការ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូន៕