លោកជំទាវឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិ បានកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា


នៅក្នុងឱកាស ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុយអ៊ែត ប្រចាំនៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្គ្រេន( Maria Sargren ) ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោកជំទាវពិតជាបានឃើញជាក់ស្តែងនូវការអភិវឌ្ឍន៍ រីកចម្រើន ជាបន្តបន្ទាប់របស់កម្ពុជា រួមទាំងសភាពការណ៍ពិតនៅកម្ពុជា ដែលផ្ទុយពីការបំពងសំឡេងនៅខាងក្រៅ ដើម្បីផលប្រយោជន៍នយោបាយ។

ក្នុងបេសកកម្មការទូត៣ឆ្នាំ នៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្គ្រេន បានអបអរសាទរពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លើការងារការទូត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិប្រទេសទាំងពីរមានការរីកចម្រើន ដែលជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់ជីវិភាពពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៍។

ស៊ុយអ៊ែត ជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមអឺរ៉ុបដែលបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក។ ជាក់ស្តែងប្រទេសស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ មានដូចការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដែលរយៈពេលជាង៥ឆ្នាំមកនេះ ប្រទេសស៊ុយអ៊ែត បានផ្តល់ជំនួយអភិវឌ្ឍលើវិស័យផ្សេងៗ ក្នុងចំនួនទឹកប្រាក់ជាង ១០០លានដុល្លាអាមេរិក ជាពិសេសបានផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋសភាកម្ពុជា លើការអភិវឌ្ឍន៍ និងលើកកម្ពស់សមត្ថភាពមន្រ្តីជំនាញតាមរយៈការរៀបចំទស្សនកិច្ចសិក្សា ការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។

សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាលោកជំទាវ នឹងនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរ មកកំសាន្តនៅកម្ពុជាជាបន្តបន្ទាប់ និងស្នើឱ្យប្រទេសស៊ុយអ៊ែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជំនាញ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត លើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ សហគ្រិនស្រ្តី និងសេដ្ឋកិច្ចឌីជីថល ជាដើម៕