ជិះកង់នាំមកនូវសុខភាពល្អ និងជាកត្តានៃសាមគ្គីភាពមួយដ៏រឹងមាំដែលស្តែងចេញពីយុវជនជ្រកក្រោមម្លប់សន្តិភាព


នៅចុងសប្តាហ៍ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩នេះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានរៀបចំកម្មវិធីជិះកង់ប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ក្រោមការដឹកនាំដោយឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា​(ក្រុម១៥៧) ដោយមានការចូលរួមរបស់លោក ទៀ សី ហា អភិបាលនៃគណៈអភិបាលខេត្ត និងភរិយា លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន រួមទាំង អស់លោក លោកស្រី ជាសមាគមចលនាយុវជនកម្ពុជា តាមបណ្តារាជធានី ខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តចូលរួមផងដែរ។

ឯកឧត្តម ម៉ឹង ពន្លក បានឲ្យដឹងថា សមាសភាពដែលបានចូលរួមកម្មវិធីជិះកង់នេះ គឺមកពីក្រុមសមាគមចលនាយុវជនកម្ពុជា រាជធានី ខេត្ត សំខាន់គឺខេត្តសៀមរាប ដែលមានចំនួនកង់ចូលរួមសរុប ៣១០កង់ ក្នុងការប្រ​មូលមូលនិធិទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយទទួលបានថវិកាគិតជាប្រាក់ខែ្មរ ចំនួន ៧៥លានរៀល និង ប្រាក់ដុល្លារ ៥៩ពាន់៦០០ដុល្លារអាមេរិក ដែល​ទទួលបានពីសប្បុរសជនទាំងក្នុង ក្រៅប្រទេស ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ថវិកាទាំងនេះជាការបង្ហាញឲ្យឃើញពីភាពយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែ​លជាបិតាសន្តិភាពនៅកម្ពុជា។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយុវជនយើងមានសិទ្ធិជ្រើសរើស និងបានចូលរួមក្នុងកិច្ចការពារកសាង និងអភិវឌ្ឍន៍ប្រទេស។

ឯកឧត្តមក៏បានឲ្យដឹងទៀតថា ជាច្រើនលើកមកហើយ នៅរៀងរាល់ឆ្នាំ សមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧ ) ក្នុងការរៀបចំកម្មវិធីជិះកង់ ដោយផ្អែកលើទស្សនវិ
ម៉្យាងវិញទៀតក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរស ដើម្បីមន្ទីរពេទ្យគុន្ធបុប្ផាខេត្តសៀមរាប ដែលកំពុងត្រូវការការចូលរួមជាចាំបាច់សម្រាប់ការជួយ សង្គ្រោះជីវីតកុមាររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

ឯកឧត្តម ម៉ឹង ពន្លក បានបន្តទៀតថា កម្មវិធីឆ្នាំនេះ បានជ្រើសរើសយកខេត្តប្រវត្តិសាស្ត្រសៀមរាប ដែលជាខេត្តសម្បូរនូវសម្បត្តិវប្បធម៌ដ៍សម្បូរបែប មានប្រាង្គប្រាសាទ និងរមណីយដ្ឋានធម៌ជាតិ ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត។

ហើយចំពោះការជិះកង់នេះ គឺបានផ្តល់នូវសុខភាពមាំមួន មានភាពស្រស់ថ្លានៃគំនិត ហើយក៏ជាកត្តានៃមហាសាមគ្គីមួយដ៏រឹងមាំដែលស្តែងចេញពីកម្លាំងយុវជន យើងគ្រប់រូបជ្រកក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តមបានបញ្ជាក់ថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) គឺនៅតែបន្តធ្វើកម្មវិធីជិះកង់ប្រមូលមូលនិធិជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ក្នុងការទ្រទ្រង់សុខភាព មាតា និងទារកសំខាន់ចំពោះកុមារៗ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយអី្វឡើយ។

ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀម​រាប ក៏បានធ្វើការថ្លែងអំណរគុណចំពោះសមាគមចលនាយុវជនកម្ពុជា​ (ក្រុម ១៥៧) ដែលបានជ្រើសយកខេត្ត សៀមរាប ធ្វើកម្មវិធីជឹះកង់ប្រមូលមូលនិធិទ្រទ្រង់មន្ទីរ ពេទ្យ គន្ធបុប្ផាខេត្តសៀមរាប។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរ នៅជារៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផា បានទទួលប្រាក់បន្ថែមលើការលក់សំបុត្រទស្សនាអង្គរ ព្រមទាំងមានសប្បុរសជនក្នុង និង ក្រៅស្រុក បានបរិច្ចាគឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យ។ ម៉្យាងទៀតដោយមន្ទីរពេទ្យគន្ធ​បុប្ផាខេត្តសៀមរាប ត្រូវបានធ្វើការព្យាបាលជម្ងឺកុមារ និងស្ត្រីមកពីគ្រប់បណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា ខេត្តសៀមរាប គឺមានមន្ទីរពេទ្យសម្រាប់ព្យាបាលកុមារចំនួន២កន្លែង គឺមន្ទីរពេទ្យគន្ធ​បុប្ផា និង មន្ទីរពេទ្យកុមាអង្គរ គឺត្រូវការពឹងផ្អែកការចូល​រួមពីសប្បុរសជន និងជំនួយផ្សេងៗផងដែរ។ លោក ទៀ សីហា ក៏មានសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងក្លាយ​ជាព្រឹត្តិការណ៍នៃសកម្មភាពមនុស្សធម៌ប្រចាំឆ្នាំដើម្បីមោទនភាពរបស់សង្គមជាតិជាព្រឹត្តិការណ៍បង្កើតភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងកុមារកម្ពុជាទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា ក្នុងសកម្មភាពនៃការជិះកង់នេះ ដោយធ្វើដំណើរក្នុងចម្ងាយ ៣៦គីឡូម៉ែត្រ ដោយបានចាប់ចេញពីចំណុចអង្គរឃ្យុងយូរ ទៅកាន់មុខព្រលានជល់ដំរី ដោយធ្វើការជិះឆ្លងកាត់នៅតាមតំបន់មានឧប​សគ្គកាត់ព្រៃនៅភូមិ ក្នុងតំបន់អង្គរ ហើយបន្តដំណើរតាមវង់ធំ ជិះកាត់ព្រៃ ឆ្លងស្ពានយោល និងបានបន្តដំ​ណើរឆ្ពោះមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើមី្បធ្វើពិធីបញ្ចប់កម្មវិធីរបស់ខ្លួន៕