ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងនីតិវិធីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ


សៀមរាប៖ នាព្រឹកថ្ងៃចន្ទ ០៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងនីតិវិធីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស ដែលកំពុងបម្រើការងារនៅតាមតំបន់ការពារធម្មជាតិទាំង៧ ក្នុងភូមិសាស្ត្រខេត្ត និងមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តសៀមរាបជាច្រើននាក់។

វគ្គបណ្តុះបណ្តាលខាងលើរៀបចំឡើងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់រូបភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសគឺមានមូលដ្ឋានគ្រឹះក្នុងការកសាងសំណុំរឿងបទល្មើសដល់ជនដែលប្រព្រឹត្ត ឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌។

ឯកឧត្តម រ័ត្ន វិរៈ បានសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សាចំណេះដឹងល្អ ទាក់ទងនឹងនីតិវិធី នៃការកសាងសំណុំរឿង ក៏ដូចជាបញ្ហាជាក់ស្តែងដែលមន្ត្រីរបស់យើង បាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្នរបស់ គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍ និងជំនាញ។ ឯកឧត្តមអនុរដ្ឋលេខាធិការ សង្ឃឹមថាអ្នកចូលរួមទាំងអស់នឹងយកចំណេះដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តការងារនៅក្នុងអង្គភាពឱ្យបានល្អប្រសើរផងដែរ។