សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ តាមរយៈ Facebook ផ្លូវការរបស់សម្តេច បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះលទ្ធផលជាបន្តបន្ទាប់ នៃការអនុវត្តយុទ្ធនាការរឹតបន្តឹង ការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទូទាំងប្រទេស រយៈពេល១ខែ ដែលបានដាក់ចេញចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩រួចមក។

សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា ចាប់តាំងពីបានអនុវត្តអនុវត្តន៍យុទ្ធនាការមកឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម គួរឲ្យកោតសរសើរ ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពជាដាច់ខាត។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ក៏បានកោតសរសើរ និងអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមអធ្យាស្រ័យចំពោះវិធានការឃាត់ម៉ូតូទុក ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាព មកពាក់ទើបអនុញ្ញាតឲ្យបន្តដំណើរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងយុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា»។

សូមជម្រាបថា ដោយសារកំណើនជនរងគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនមានដល់ទៅ៧៦% ជាអ្នកជិះម៉ូតូ ក្នុងនោះមានចំនួន៧៩% មិនពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់ ហើយដែលត្រូវរងការប៉ះទង្គិចក្បាល ទើបសម្តេចក្រឡាហោម ស ខេង បានណែនាំឲ្យ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាឲ្យនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមចាត់វិធានការជំរុញការពាក់មួកសុវត្ថិភាពដល់អ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តគ្រប់រូប សម្រាប់រយៈពេលពេញ១ខែ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

ចាប់តាំងពីអនុវត្តន៍យុទ្ធនាការនេះ អ្នកជិះម៉ូតូរាប់ពាន់នាក់ត្រូវបានសមត្ថកិច្ចចាប់បង្ខំ ឲ្យពាក់មួយសុវត្ថិភាពជារៀងរាល់ថ្ងៃ៕