ការចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៤ នៅរដ្ឋវីជីនៀ ខាងលិច សហរដ្ឋអាមេរិក


រដ្ឋវីជីនៀ ខាងលិច-សហរដ្ឋអាមេរិក៖ គណៈប្រតិភូកាយរឹទិ្ធជាតិកម្ពុជា ដឹកនាំដោយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា បានចូលរួមការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៤ (24th World Scouts Jamboree) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅ រដ្ឋវីជីនៀ ខាងលិច សហរដ្ឋអាមេរិក ដែលមានយុវជនកាយរឹទិ្ធចូលរួមចំនួន៥០០០០នាក់ មកពី១៦០ប្រទេសជុំវិញពិភពលោក។

ក្នុងឱកាសនៃការចូលរួមបោះជំរំ គណៈប្រតិភូក.ជ.ក បានជួបសន្ទនាជាមួយមេដឹកនាំកាយរឹទិ្ធក្នុងតំបន់ និងប្រទេសផ្សេងៗ ដូចជា លោក Ahmad Rusdi ប្រធានគណៈកម្មការកាយរឹទិ្ធប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក លោក Pansak Ransibrahmanakul ស្នងការជាតិកិច្ចការអន្តរជាតិនៃសមាគមកាយរឹទិ្ធជាតិថៃ លោក JR C. Pangilinan នាយកការិយាល័យកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមេដឹកនាំកាយរឹទិ្ធជាច្រើនរូបទៀត។ គណៈប្រតិភូ ក.ជ.ក បានទស្សនា និងចូលរួមសកម្មភាពផ្សព្វផ្សាយអំពីចលនាកាយរឹទិ្ធជាតិកម្ពុជា នៅក្នុងស្តង់ពិព័រណ៍កាយរឹទ្ធិជាតិកម្ពុជានៅក្នុងមជ្ឈមណ្ឌលកាយរឹទិ្ធពិភពលោក៕