ឯកឧត្តម សាយ សំអាល់ និង ឯកឧត្តម Amphay KINDAVONG ពិភាក្សាការងារពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងប្រទេសកម្ពុជា និងឡាវ


នៅទីស្ដីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ
ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមានការគ្រប់គ្រងបរិស្ថាន ជាពិសេសការពារ និងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពិកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសរវាងថ្នាក់ដឹកនាំកំពូល រហូតដល់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ឯកឧត្តម សាយ សំអាល់ បានបង្ហាញសក្តានុពលធនធានធម្មជាតិដែលកម្ពុជាមាន នៅតាមតំបន់ការពារធម្មជាតិនានាជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលជួយឱ្យជីវភាពប្រជាសហគមន៍ មានការរីកចម្រើន និងចូលរួមការពារ និងអភិរក្សធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ឯកឧត្តម ឯកអគ្គរដ្ឋទូតនឹងជួយគាំទ្រ និង ជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរថែមមួយកម្រិតទៀត តាមរយៈកិច្ចសហការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ជាពិសេសនៅតាមតំបន់ការពារធម្មជាតិតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ បានល្អប្រសើរមួយកម្រិតទៀត៕