សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពលោកជំទាវ ស៉ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោកជំទាវ ស៉ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ។

ក្នុងសារលិខិត សម្តេចតេជោចាត់ទុកមរណភាពរបស់លោកជំទាវ ស៉ឹង ស៊ីយុត គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញា បម្រើប្រទេសជាតិ និងប្រជាជន ដើម្បីចូលរួមចំណែកស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យ មានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបួងសួងឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ស៉ឹង ស៊ីយុត បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកជំទាវ ស៉ឹង ស៉ីយុត បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សពលោកជំទាវ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសព ប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៣០ព្រឹក នៅទីវាលមុចវត្តបុទុមវតី៕