ដំណើរការសាងសង់ បានជាង ១៣ភាគរយ គម្រោងកែលម្អបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្រុងសៀមរាប


គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៩នេះ គម្រោងកែលម្អបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្រុងសៀមរាប ខេត្តសៀមរាប ជាផ្នែកមួយនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យទីប្រជុំជនខេត្តសៀមរាប ក្រោមឥណទានថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB អនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ដោយក្រុមហ៊ុនBeijing Urban Construction Group (BUCG) នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងកែលំអ ពង្រីកសមត្ថភាពប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាបរហូតដល់ឆ្នាំ២០៤០ បានចាប់ដំណើរការហើយ។

អត្ថប្រយោជន៍នៃគម្រោងនេះគឺ ទឹកកខ្វក់ដែលបានបញ្ចេញចោលតាមបណ្ដាញលូ ត្រូវបានសម្អាត ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងលើកកំពស់អនាម័យ បរិស្ថានក្រុងសៀមរាបទាំងមូលដែលជាក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ។

គម្រោងនេះបាននឹងកំពុងអនុវត្តតាមបណ្ដោយផ្លូវលេខ២៦៧ មុខវត្តចក និងឆ្ពោះមកផ្លូវស៊ីវត្ថា រហូតទៅដល់មុខសណ្ឋាគារសុខាអង្គរ ដោយប្រើបច្ចេកវិទ្យាខួងបំពង់ក្រោមដី ដែលមានជម្រៅពី៣ ទៅ ៥ម៉ែត្រ។ គិតត្រឹមខែកក្កដា ឆ្នាំ ២០១៩ នេះ គម្រោងអនុវត្តបាន១៣,៦២%ហើយ នឹងឈានទៅបញ្ចប់គម្រោងក្នុងអំឡុងខែសីហា ឆ្នាំ២០២០ខាងមុខ។