សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូត្រឡប់ពីប្រទេសវៀតណាមនៅរសៀលនេះ


រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូត្រឡប់ពីប្រទេសវៀតណាម វិលមកកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការវិលត្រលប់នាពេលនេះ ធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាមួយចំនួន បំពេញទស្សនកិច្ចប្រទេសវៀតណាមរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងដំណើរទស្សនកិច្ចនេះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងចំនួន៣ បានចុះហត្ថលេខារវាងកម្ពុជា និងវៀតណាម។សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនោះរួមមាន៖ សន្ធិសញ្ញាស្តីពី​ការផ្ទេរអ្នកទោស, សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ព្រហ្មទណ្ឌ និងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ សាសនា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏ជួបសំណេះសំណាលការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីវៀតណាម ហើយក៏ជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និងលោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម និងទទួលជួបសម្តែងការគួរសមពីសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំក្រុងហូជីមិញ និងអតីតយុទ្ធជនវៀតណាមជាដើម។
សូមបញ្ជាក់ថា គណៈប្រតិភូដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលពីរថ្ងៃនេះ រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ, ឯកឧត្តម ទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, ឯកឧត្តម ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិករាជរដ្ឋាភិបាល​មួយចំនួនទៀត៕