អភិបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការកាត់ស្លាកពាណិជ្ជកម្មដែលមិនគោរពច្បាប់ និងថែមទាំងហៅម្ចាស់ទីតាំងទៅអប់រំ ព្រមទំាងត្រួតពិនិត្យឯកសារពាក់ព័ន្ធសម្រាប់ការរស់នៅទៀតផង


(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសពីចំណាត់ការបន្តដោយ មិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុនទើប អនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ។

មន្រ្តីសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះថា ចំណាត់ការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ចំពោះស្លាកយីហោទាំងឡាយ ដែលស្តាប់ទៅមិនត្រឹមត្រូវ និងខុសច្បាប់។

ចំណាត់ការបែបនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្លាកយីហោ ដែលជនជាតិចិនជាច្រើនបានបើកអាជីវកម្មដោយសរសេរអក្សរ និងឈ្មោះមិនត្រឹមត្រូវស្តាប់មិនបាននោះទេ៕