សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយស្ថាប័នជំនាញ ធ្វើយុទ្ធនាការដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការយល់ដឹងអំពីសុខភាព ដល់សហគមន៍ងាយរងគ្រោះ


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងអាជ្ញាធរខណ្ឌដូនពេញ បានចុះផ្សព្វផ្សាយអប់រំ យុទ្ធនាការ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀនដល់សហគមន៍ងាយរងគ្រោះចំនួន ៣កន្លែងរួមមានប្លុកផ្សារតាប៉ាង ប្លុកផ្សារសូរិយា ប្លុកមុខក្រសួងធនធានរ៉ែ និង ថាមពលនៃ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ យុទ្ធនាការនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកវេជ្ជ. ឈុន សុខា ក្រុមការងារសមាគម TYDA ទទួលបន្ទុកចុះសហគមន៍ក្រីក្រ និងងាយរងគ្រោះដោយសារគ្រឿងញៀន បានឲ្យដឹងថាគោលបំណង គឺសហការជាមួយនឹងស្ថាប័នជំនាញ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការយល់ដឹងអំពីសុខភាព ដល់សហគមន៍ងាយរងគ្រោះ។

នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន ៤៤នាក់ បានចុះអប់រំសុខភាពផ្ទាល់ និងបញ្ជ្រាបការយល់ដឹងពីរគ្រឿងញៀនដល់សហគមន៍ នារីរងគ្រោះ និងបានចែកឱសថសម្រាប់ជំងឺរាគរូស ឈឺក្បាល គ្រុនក្តៅ ចំនួន៤៥០កញ្ចប់ សៀវភៅ ២១០ក្បាល ប៊ិច ២៤៦ដើម។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដោយឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពតាមសហគមន៍ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀន ដល់សហគមន៍ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ៕