ឯកឧត្តម លឹម គានហោ និង ឯកឧត្តម គន់ គីម ចុះពិនិត្យកន្លែងបាក់ច្រាំងទន្លេនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងអន្តរាគមន៍ជាបន្ទាន់


(កំពង់ចាម)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងកន្លែងបាក់ច្រាំងទន្លេ នៅភូមិព្រែកស្តី និងភូមិព្រះអណ្តូងទី២ ក្នុងឃុំព្រះអណ្តូង និងភូមិពាមក្នុង និងភូមិពាមក្រៅ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ទីតាំងខាងលើនេះ រងការបាក់ស្រុតជាបន្តបន្ទាប់ និងស្ថិតនៅទល់មុខសាលាបឋមសិក្សាព្រះអណ្តូង ព្រមទាំងអាចបណ្តាលឲ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំឲ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។

សូមជម្រាបថា បន្ទាប់ពីបានទទួលសំណើពីខេត្តកំពង់ចាម រដ្ឋមន្រ្តីធនធានទឹក បានបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់ បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង៖

*ទី១៖ នៅភូមិក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ប្រវែង ៥០០ម
*ទី២៖ នៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ២០០ម
*ទី៣៖ នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ប្រវែង ៣០០ម។

មកទល់បច្ចុប្បន្ន ការងារនេះបាននឹងកំពុងអនុវត្តដោយបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ក្នុងពេលចុះពិនិត្យ នាពេលនេះឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានជម្រាបអំពីលទ្ធផល នៃការសិក្សារបស់ក្រុមការងារក្រសួងដែលបានធ្វើកន្លងមក និងលក្ខណៈបច្ចេកទេសដែលត្រូវដោះស្រាយ និងទប់ទល់លើការបាក់ច្រាំងនៅទីតាំងលើ និងនៅទីតាំងផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់លោករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជា ក្រុមការងារក្រសួង ដែលបានចាត់វិធានការបន្ទាន់ចំពោះមុខនាពេលនេះ ក៏ដូចជាវិធានការយូរអង្វែងដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។

ពេលជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ពួកគាត់បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តួយ៉ាងដូច ការបាក់ច្រាំងនៅភូមិសាស្រ្តមូលដ្ឋានពូកគាត់រស់នៅសព្វថ្ងៃនាពេលនេះ ជាសក្ខីកម្មស្រាប់។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម នៃការបាក់ច្រាំងនៅទីតាំងខាងលើ ឲ្យបានប្រសើរ ក៏ដូចជា នៅទីតាំងប្រឈមផ្សេងៗទៀត នាពេលចំពោះមុខ ដោយនឹងសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានីភ័យនៃការបាក់ច្រាំងដែលអាចបង្កនូវការខូតខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងនាពេលខាងមុខនៅមូលដ្ឋាន ដែលមានភាពប្រឈមនឹងការបាក់ច្រាំងនេះ៕